ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនល្មើសចំនួនពីរនាក់ ដែលជាប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និង អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក មន្ទីរសុខាភិបាលខេត្តក្រចេះ បានទារ និងទទួលប្រាក់ពីបេក្ខជនចំនួន១២៩នាក់ មានទឹកប្រាក់ចំនួន ៧៤ម៉ឺនដុល្លាអាមេរិក ក្នុងការជ្រើសរើសឱ្យចូលក្របខណ្ឌ មន្ត្រីសុខាភិបាលខេត្តក្រចេះ ទៅតុលាការខេត្តក្រចេះ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបែបនេះ នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ករណីខេត្តក្រចេះ ឈ្មោះ ទី ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និង ឈ្មោះ ជាង សុខអេង អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក មន្ទីរសុខាភិបាលខេត្តក្រចេះ បានទារ និងទទួលប្រាក់ពីបេក្ខជន ដែលមានគ្រប់លក្ខណៈសម្បត្តិក្នុងការជ្រើសរើសឱ្យចូលក្របខណ្ឌ មន្ត្រីសុខាភិបាលខេត្តក្រចេះ។
អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញប្រាក់ ដែលឈ្មោះទាំងនេះបានទារ និងទទួល ក្នុងចំណោមបេក្ខជន ១២៩នាក់ ចំនួន ៧៤ម៉ឺនដុល្លាអាមេរិក។ ដោយបានការអនុញ្ញាតភ្លាមៗ ពីតុលាការខេត្តក្រចេះ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រគល់លុយ ជូនដល់ជនរងគ្រោះជាបន្ទាន់ ព្រោះអស់រយៈពេល ៥-៦ខែ ដែលបង់ការប្រាក់ ដែលបេក្ខជនភាគច្រើនបាន បុលខ្ចីពីធនាគារ និងពីអ្នកចងការប្រាក់ ជាបន្ទុកធ្ងន់ធ្ងរណាស់។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនល្មើសទាំងពីរនេះ ទៅតុលាការខេត្តក្រចេះ នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





