Sunday, November 28, 2021

ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​សប្បាយ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សម្ភារៈ​មានតម្លៃ​ផ្ទាល់ខ្លួន​

​ភ្នំពេញ​៖ ដើម្បី​បង្ការ និង​ធានា​សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវទេសចរ ក្រសួងទេសចរណ៍ បាន​ជូនដំណឹង ដល់​គ្រប់​សមាគម​ទេសចរណ៍ ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន ដែល​មក​ទស្សនា​កម្សាន្ត​សប្បាយ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ខាងមុខនេះ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវទេសចរ និង​សម្ភារៈ មានតម្លៃ​ផ្ទាល់ខ្លួន​។​

​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ក្រសួងទេសចរណ៍​បានចេញ​សូម​ជូនដំណឹង​ដល់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ថា ឆ្នាំ​២០១៧​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

​ព្រឹត្តិការណ៍​បុណ្យប្រពៃណី​ជាតិ​នេះ ជា​ឱកាស​ដ៏​ល្អ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែងយល់​កាន់តែច្បាស់​អំពី វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​របស់​ខ្មែរ ដែលមាន​តាំងពី​បូរាណ​កាល​មក ពិសេស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ ព្រះ​ខែ អកអំបុក ដែលជា​ពិធី​ដ៏​មាន​ប្រជាប្រិយ​បំផុត សម្រាប់​ប្រជាជន​កម្ពុជា តែងតែ​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​។​

“​ដើម្បី​បង្ការ និង​ធានា​សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវទេសចរ ក្រសួងទេសចរណ៍ បាន​ជូនដំណឹង ដល់​គ្រប់​សមាគម​ទេសចរណ៍ ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ រួមមាន សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវទេសចរ (​ផ្លូវគោក និង​ផ្ល​វ​ទឹក​) ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន ដែល​មក​ទស្សនា​កម្សាន្ត​សប្បាយ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខាងមុខនេះ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវទេសចរ និង​សម្ភារៈ មានតម្លៃ​ផ្ទាល់ខ្លួន ដូចខាងក្រោម​៖ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងការ​ធ្វើដំណើរ​តាម ទោចក្រយានយន្ត មិនត្រូវ​បើកបរ​លើស​ល្បឿន កំណត់​ជាដាច់ខាត ចំពោះ​យានយន្ត​ដឹក​ភ្ញៀវទេសចរ គ្រប់​ប្រភេទ ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង ជាដាច់ខាត ត្រូវ​ពាក់អាវ​ពោង​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទូក​ម៉ាស៊ីន ទៅ​កម្សាន្ត​តាម​តំបន់​កោះ​នានា ត្រូវ​រក្សា​សម្ភារៈ​មាន​តំលៃ​ផ្ទាល់ខ្លួន ពេលធ្វើ​ដំណើរ​ជៀសវាង ចោរលួច ឆក់ ប្លន់​ជាដើម មិនត្រូវ​ធ្វើដំណើ​កម្សាន្ត ទៅ​តំបន់​ដាច់ស្រយាល នៅពេល​យប់ ឬ​កន្លែង​ហាមឃាត់ ដែល​អាច​បង្ក​គ្រោះថ្នាក់​បាន ជៀសវាង​ចូលទៅ​កន្លែង ដែលមាន​ហ្វូងមនុស្ស​ច្រើន​កុះករ និង​មាន​បរិយាកាស​មិនល្អ​”​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​៕ ដោយ​៖​ជាលី​