ភ្នំពេញ ៖ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបានទម្លាយឲ្យដឹងថា លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានប្រើតួនាទី និងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយប្រមូលលុយ ពីក្រុមឈ្មួញដោយគ្មានញញើតនឹងច្បាប់។ ហើយលោក ហ៊ុយ សុជាតិ បានយកជំនាញកាលនៅ ធ្វើជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តឧត្តរមានជ័យ មកអនុវត្តន៍ក្នុងតួនាទី ជាមេគយខេត្តមណ្ឌលគិរី។

ប្រភពពីមន្ត្រីនៅច្រកព្រំដែនដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ប្រធានការិយាល័យគយច្រកដាក់ដាំ បានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះយ៉ាងពេញបន្ទុក។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនទ្វេភាគីដាក់ដាំ គឺបង់ពន្ធមិនដល់៥០ភាគរយផងទេ ដោយឈ្មួញបានឃុបឃិត បែងចែកផលប្រយោជន៍លើតុក្រោមតុ ជាមួយមន្ត្រីគយពុករលួយ។
លើសនេះទៅទៀត ប្រធានការិយាល័យគយច្រកដាក់ដាំ តែងតែប្រើឈ្មោះលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដើម្បីការពារទង្វើមិនប្រក្រតី និងបិទបាំងអំពើពុករលួយរបស់ខ្លួនជារៀងរហូត។

ចំណែកប្រភពពីមន្ត្រីគយនៅច្រកព្រំដែនណាំលៀ និងច្រកព្រំដែនឡាប៉ាខេ បានឲ្យដឹងថា ក្រុមឈ្មួញធំៗនៅតែនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទាំង២នេះ។ ការដែលប្រធានការិយាល័យគយច្រកណាំលៀ និងច្រកឡាប៉ាខេ ហ៊ានធ្វើបែបនេះ គឺដោយសារមានការបើកភ្លើងខៀវពីលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី។
ទាក់ទងការចោទប្រកាន់ខាងលើនេះ លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងច្រកព្រំដែនណាំលៀ និងច្រកព្រំដែនឡាប៉ាខេ មិនអាចសុំការអត្ថាធិប្បាយបានទេ៕
រក្សាសិទ្ធិដោយ ៖ ចេស្តារ


