ភ្នំពេញ ៖ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទ សាធុការពរជ័យ គោរពជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយកតញ្ញូកតវទិតាធម៌យ៉ាង ស្មោះស្ម័គ្រ ចំពោះការចូលរួមចំណែកយ៉ាងធំធេងរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ការពារសិទ្ធិ ស្ត្រី-កុមារ កាត់បន្ថយភាពក្រីក្រ ប្រយុទ្ធនឹងជំងឺអេសដ៏ និងកិច្ចការមនុស្សធម៌ជាច្រើនទៀត ជាពិសេសបានបំពេញតួនាទី យ៉ាងសំខាន់រូមចំណែកជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ព្រមទាំងបុត្រា-បុត្រី បុត្រប្រសារ និងចៅប្រុស-ចៅស្រី ជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវសុខភាព ល្អបរិបូរណ៏ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ ឧត្ដុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍៕
រក្សាសិទ្ធិដោយ ៖ ច័ន្ទថ្លា



