Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ ដឹកជញ្ជូនសន្លឹកកិច្ចការ របស់បេក្ខជន ពីបណ្ដាខេត្តទៅកាន់រាជធានីភ្នំពេញ

ភ្នំពេញ ៖ តាំងពីព្រឹកព្រហាម ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទទូទាំងប្រទេស បានដឹកសន្លឹកកិច្ចការបេក្ខជន ព្រមទាំងសំណុំឯកសារ ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានា មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេររយៈពេលពីរថ្ងៃ បានបញ្ចប់ទៅដោយជោគជ័យ។

លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាម មណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។

សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានចេញប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ដែលបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៨ ខែធ្នូនេះ។

សេចក្ដីប្រកាសព័ត៌មាន ៖ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺ នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានមណ្ឌលប្រឡងចំនួន ២០៤ ចែកចេញជា ៤ ៦១៦ បន្ទប់ និង មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៤ ១៨៥នាក់ ស្រី ៦០ ៣៩៧នាក់ ក្នុងនោះបេក្ខជនចំណេះទូទៅ ចំនួន ១០៤ ២៩៨ នាក់ ស្រី ៥៧ ១២៣ នាក់ និងបេក្ខជនបំពេញវិជ្ជានិងស្វៃរិន ចំណេះទូទៅចំនួន ៩ ៨៨៧ នាក់ ស្រី ៣ ២៧៤ នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៣៩ ៦១០នាក់ (ស្រី ២៣ ៦៨៣ នាក់) និងថ្នាក់ វិទ្យាសាស្ត្រសង្គមចំនួន ៧៤ ៥៧៥នាក់ (ស្រី ៣៧ ៧១៤នាក់)។

មុខវិជ្ជាប្រឡងមានចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ – រូបវិទ្យា និងគណិតវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ)។

នៅមុនដំណើរការសំណេរមួយថ្ងៃ បេក្ខជនប្រឡងបានទៅពិនិត្យឈ្មោះ ព័ត៌មានផ្ទាល់ខ្លួន លេខតុ លេខបន្ទប់ និងជាពិសេសបានវាស់កម្ដៅ និងទទួលស្ទីកយ័រសុខភាពធម្មតា។

ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា ៣,៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។

បេក្ខជនមានបញ្ហាសុខភាពចំនួន ៣៦ នាក់ ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន២នាក់, បេក្ខជនមានកម្ដៅលើសធម្មតា ដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់, និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន៣១នាក់ រួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ។

គណៈកម្មការមេប្រយោគទូទាំងប្រទេស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១. សូមវាយតម្លៃថា ដំណើរការប្រឡងរយៈពេល២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងស្របនឹង វិធានការសុវត្ថិភាពសុខភាព។

ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត ក្នុងការសម្រេចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស និងបានអនុញ្ញាតឱ្យសិស្សានុសិស្ស វិលត្រឡប់មកកាន់សាលារៀនវិញ ស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ ព្រមទាំងការអនុញ្ញាតឱ្យរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឱ្យបានត្រឹមត្រូវ ដើម្បីអនាគតរបស់យុវជនកម្ពុជា។

គណៈកម្មការមេប្រយោគទូទាំងប្រទេស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម និងបំពេញការងារប្រកប ដោយវិជ្ជាជីវៈ, មនសិការការងារ, និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាក៏ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួង សុខាភិបាល, អាជ្ញាធរដែនដី, កងកម្លាំង, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការនៅក្នុង ដំណើរការសំណេររយៈពេល២ថ្ងៃនេះ ។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ចំពោះបេក្ខជនគ្រប់រូប ដែលបានមកចូលរួមប្រឡង និងបានគោរពយ៉ាងខ្ជាប់ខ្ជួន តាមបទប្បញ្ញត្តិជាធរមាន និងសូមថ្លែងអំណរគុណ ចំពោះមាតាបិតា អ្នកអាណាព្យាបាលសិស្ស, វិស័យឯកជន, និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ដល់កិច្ចសហការ និងការអនុគ្រោះ នៅក្នុងដំណើរការនេះ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×