ភ្នំពេញ ÷ យុវជនម្នាក់បានរងរបួសធ្ងន់ បាក់ភ្លៅមួយចំហៀង ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូPCX ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុ.ករថយន្តCRV បត់ឆ្លងផ្លូវពេញទំហឹង ចំណែកតៃកុងរថយន្ត ជាបុរសជនជាតិចិន ត្រូវសមត្ថកិច្ចឃាត់បានឲ្យនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ ថ្ងៃអង្គារទី ២៨ ខែធ្នូឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសជនជាតិចិន បើករថយន្តម៉ាកCRV ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2I-1238 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច រួចបានចូលដឹកនារីម្នាក់ពីខារ៉ាអូខេជីនជន រួចក៏បានបើករថយន្តឆ្លងផ្លូវ បត់ត្រឡប់ក្រោយវិញ ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជនរងគ្រោះម្នាក់ ជិះម៉ូតូម៉ាកPCX ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1HE-5705 ជិះតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នបានជ្រុលទៅបុ.ករថយន្តCRV ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យដួលផ្ទប់នឹងរថយន្តរងរបួសធ្ងន់ បា.ក់ភ្លៅមួយចំហៀង ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាម ចំណែកឯរថយន្តCRVវិញ រងការខូចខាតផ្នែកចំហៀងខាងឆ្វេង យ៉ាងដំណំ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត




