Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំង Pfizer ជំនួយរបស់អូស្ត្រាលីជាង១.៥លានដូស បានដឹកមកដល់កម្ពុជា

ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយសរបស់អូស្ត្រាលីជើងទី២ ចំនួនជាង ១.៥លានដូស បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

រដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាង ២.៣៥លានដូស ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ វ៉ាក់សាំងជើងទី១ ចំនួន ៧៨៣,០០០ដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។

ការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីជើងទី១នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំងដែលដឹកមកដល់កម្ពុជា នៅយប់នេះមានចំនួន ១,៥៦៧,៥៣០ដូស។

ក្នុងពេលវ៉ាក់សាំងជើងទី១ ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅនេះ ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Andreas Zurbrugg បានថ្លែងថា អូស្ត្រាលី មានមោទនភាពក្នុងការគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយវ៉ាក់សាំងនេះ។ លោកភារធារីស្ថានទូតអូស្ត្រាលី បានឱ្យដឹងថា ក្រៅតែពីការផ្តល់ជំនួយវ៉ាក់សាំង ខ្លួនក៏បានផ្តល់ថវិកាប្រមាណ ២៨លានដុល្លារដល់កម្ពុជាផងដែរ ដើម្បីជួយបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូន និងសម្ភារៈបរិក្ខារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងបង្ហាញនូវភាពរីករាយចំពោះការមកដល់ជំនួយវ៉ាក់សាំងរបស់អូស្ត្រាលី។ សម្តេចតេជោ បានគូសបញ្ជាក់ថា អំណោយរបស់អូស្ត្រាលី គឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្ត្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេសនៅពេលកម្ពុជា កំពុងតែព្យាយាមសម្រប និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩៕ រក្សាសិទ្ធិដោយ​៖សុទ្ធ លី

×