យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលទៅលើកំពង់ផែ Latakia របស់ប្រទេសស៊ីរីកាលពីថ្ងៃអង្គារ គឺជាការវាយប្រហារលើកទីពីរហើយ មកលើទីតាំងសំខាន់មួយនេះក្នុងអំឡុងខែនេះ។
ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដោយបានបាញ់រាប់រយគ្រាប់ទៅលើទឹកដីប្រទេសស៊ីរី ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងឆ្នាំ២០១១។ ការវាយប្រហារពីប្រទេសអ៊ីស្រាអែល គឺភាគច្រើនផ្តោតលើទីតាំងរបស់រដ្ឋាភិបាល ក៏ដូចជាទីតាំងកងកម្លាំងសម្ព័ន្ធមិត្តដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមយុទ្ធជនហេសបូឡា។
ក្នុងនោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានដកស្រង់ប្រភពយោធាមួយរូបថា៖«នៅម៉ោងប្រហែល ០៣:២១ព្រឹក សត្រូវរបស់អ៊ីស្រាអែលបានធ្វើការឈ្លានពានតាមអាកាស។ ការឈ្លានពាននោះ គឺស្ថិតក្នុងរូបភាពភ្ជាប់ជាមួយនឹងកាំជ្រួចជាច្រើនគ្រាប់ដែលមកពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ»។
ទីភ្នាក់ងារសារព័ត៌មានខាងលើបានបន្ថែមទៀតថា កូដកម្មនេះបណ្តាលឱ្យខូចខាតសម្ភារៈយ៉ាងសំខាន់និងកើតមានអគ្គីភ័យផងដែរ។សូមរំលឹកបន្តិចថា កាលពីថ្ងៃទី៧ ខែធ្នូ អ៊ីស្រាអែលបានបើកការវាយប្រហារមួយមកលើនាវាដឹកសព្វាវុធរបស់អ៊ីរ៉ង់ ដែលមានទីតាំងស្ថិតនៅក្នុងកំពង់ផែ Latakia និងជាតំបន់សរសៃឈាមបេះដូងស៊ីរីភាគខាងលិចរបស់ប្រធានាធិបតី Bashar al-Assad ខណៈហេតុការណ៍នេះមិនបានបង្កឲ្យមានអ្នកស្លាប់និងរបួសនោះទេ។
ជាក់ស្តែង នេះជាការវាយប្រហារលើកដំបូងហើយ មកលើទីតាំងនេះ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរវាងប្រទេសអ៊ីស្រាអែល និងស៊ីរី។ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។ក្នុងនោះ ស៊ីរីបានអះអាងម្តងហើយម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសអ៊ីរ៉ង់ពង្រីកជើងហោះហើរនៅក្នុងប្រទេសស៊ីរីឡើយ៕ ប្រភព៖ France 24