Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្ដបណ្ដុះបណ្ដាល ជំនាញដល់ភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ ដើម្បីពង្រឹងសមត្ថភាព ចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ នឹងបន្ដបណ្ដុះបណ្ដាលបំប៉នជំនាញ ដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹង ក្នុងការចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប។

ថ្លែងក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន លើកទី៣២ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបែបនេះថា «ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុន ឬគ្រឹះស្ថាន មានការយកចិត្តទុកដាក់ ក្នុងការពង្រឹងគុណភាព សមត្ថភាពភ្នាក់ងាររបស់ខ្លួន ដើម្បីលើកកម្ពស់ និងចូលរួមដល់កិច្ចការសង្គម។ ជាទិសដៅក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្ដជំរុញវគ្គបណ្ដុះបណ្ដាលនេះឲ្យបានគ្រប់ទៅតាមលទ្ធភាពដែលអាចធ្វើបាន ប៉ុន្ដែឈរលើអាទិភាព»។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានផ្ដាំផ្ញើនូវការណែនាំ មួយចំនួនផងដែរ ដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលទទួលបាននូវការបណ្ដុះបណ្ដាលនេះ ពោលត្រូវយកចំណេះដឹងដែលទទួល បានពីការសិក្សារៀនសូត្រនេះ ទៅបម្រើក្រុមហ៊ុន ក៏ដូចជាគ្រឹះស្ថានដែលខ្លួនកំពុង បំពេញការងារឲ្យបានល្អ ហើយត្រូវផ្លាស់ប្ដូរនូវរបៀបរបបបំពេញការងារ មុន និងក្រោយទទួលបានការបណ្ដុះបណ្ដាលនេះ។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានថ្លែងអំណរគុណដល់អគ្គនាយក អគ្គនាយិកា ថ្នាក់ដឹកនាំក្រុមហ៊ុន ឬគ្រឹះស្ថានទាំងឡាយ ដែលបានបញ្ជូនភ្នាក់ងារសន្ដិសុខរបស់ខ្លួនមកទទួលនូវវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ខណៈវិស័យសន្តិសុខឯកជន មានសារៈសំខាន់ដែល មិនអាចកាត់ផ្តាច់បាន សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានរៀបចំវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ៣២លើក ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានសិក្ខាកាមចំនួន១១៧នាក់ ស្រី៣នាក់៖ ក្នុងនោះមកពីក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន២៧ក្រុមហ៊ុន ភ្នាក់ងារសន្តិសុខឯកជន ចំនួន៣៦នាក់ និងមកពីសហគ្រាស គ្រឹះស្ថាន ចំនួន១៤គ្រឹះស្ថាន ភ្នាក់ងារសន្តិសុខឯកជន ចំនួន៨១នាក់។
ឯកឧត្តមប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន ៣២លើក មាននាយ-នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន១១៣នាក់ (ស្រី៥នាក់) និងសិក្ខាកាមភ្នាក់ងារសន្តិសុខឯកជន ចំនួន៥,៧៣៧នាក់ (ស្រី១៤២នាក់)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។
វគ្គបំប៉ននេះមានគ្រូឧទ្ទេសនាម ចំនួន៩រូប មកពីនាយកដ្ឋាន ចំនួន៤ រួមមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន, នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ និងនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។

លើសពីនេះទៅទៀត មេរៀនដែលបានជ្រើសរើសយកមកធ្វើបទបង្ហាញក្នុងរយៈពេល២ថ្ងៃនេះ ផ្តោតសំខាន់ទៅលើការងារមួយចំនួន ដូចជា អំពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខឯកជន, អំពីវិធីសាស្រ្តការពារគោលដៅ, អំពីវិធានការបង្ការការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញអគ្គិភ័យ, អំពីកិច្ចសហការណ៍រវាងភ្នាក់ងារសន្តិសុខឯកជន ជាមួយសមត្ថកិច្ចមូលដ្ឋាន, អំពីការស្វែងយល់អំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងបណ្តាករណីល្មើសច្បាប់ផ្សេងៗ, អំពីការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ និងអំពីការស្វែងយល់ពីឧបសម្ព័ន្ធសញ្ញាចរាចរណ៍ផ្លូវគោក៕ រក្សាសិទ្ធិដោយ៖សុទ្ធ លី

×