ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យព្រះកុសៈមៈ ដ៏ធំស្កឹមស្កៃ នឹងប្រគល់ជូនក្រសួងសុខាភិបាលឆាប់ៗនេះ ដែលនឹងចូលរួមចំណែកក្នុងការផ្តល់សេវាសុខាភិបាលនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការសាងសង់មន្ទីរពេទ្យព្រះកុសៈមៈ នាព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា សល់តែ១ខែទៀត មន្ទីរពេទ្យព្រះកុសៈមៈដ៏ធំស្កឹមស្កៃ នឹងប្រគល់ជូនក្រសួងសុខាភិបាល ព្រមទាំងអញ្ជើញវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន មកសម្ពោធជាផ្លូវការនៅពេលណាមួយសមរម្យ។
អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ លើផ្ទៃដីទំហំ១៣.៧៤០ម៉ែត្រការ៉េ និងចំណាយថវិកាប្រមាណ ៥៥០លានយ័ន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក គ្រោងចំណាយពេលសាងសង់រយៈពេល៤០ខែ ។
អគារមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន ដែលមានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់ បំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗថ្មីនេះ មានគ្រែសំរាកព្យាបាលជំងឺ ៤០០ គ្រែ និងមានកន្លែងចតឧទ្ធម្ភាគចក្រទៀតផង។
គួរបញ្ជាក់ថា បើតាមមន្រ្តីក្រសួងសុខាភិបាល ប្រទេសកម្ពុជា បានទទួលជំនួយជាច្រើនកើតចេញពីមិត្តភាព កម្ពុជា-ចិន។ ប្រទេសចិន បានជួយដល់កម្ពុជា ក្នុងវិស័យសុខាភិបាល ដូចជាមន្ទីរពេទ្យ កម្ពុជាចិន ព្រះកុសៈមៈ មន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ ជាមន្ទីរពេទ្យមួយធំ ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យមួយជួយថ្នាក់តំបន់ និងមានអាគារជំងឺឆ្លងមួយទៀត ដែលកំពុងសិក្សាជាមួយភាគីចិន ដែលមានទីតាំងក្នុងតំបន់កប់ស្រូវ រួមជាមួយសមិទ្ធិផលផ្សេងៗទៀតជាសម្ភារ និងការបណ្តុះបណ្តាលគ្រូពេទ្យជាដើម៕