ខេត្តព្រៃវែង ៖ លោក គ្រៀង ឡា មេឃុំព្រៃស្នៀត នៃស្រុកពារាំង ខេត្តព្រៃវែង ដែលបានសន្យាប្រាប់ក្រុមអ្នកសារព័ត៌មានថា និងកោះហៅម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ពីរកន្លែង ដែលបង្កក្លិនស្អុយ និងសត្វរុយ ប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិទំពាំងជ្រើស និងភូមិមេលោង ឱ្យធ្វើការកែលម្អលុបបំបាត់ក្លិនស្អុយ និងរៀបចំទុកដាក់លាមកមាន់ឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់សត្វរុយនឡ រហូតមកដល់ពេលនេះ ជាង ២សប្តាហ៍ហើយ លោកមេឃុំ បានត្រឹមតែសន្យាខ្យល់តែប៉ុណ្ណោះ ពោលគឺ មិនបានកម្រើកត្រគាកទៅកោះហៅកម្ចាស់សិដ្ឋានចិញ្ចឹមមាន់ទាំងពីរកន្លែងនោះ ឲ្យធ្វើការកែលម្អឲ្យអ្វីបន្តិចឡើយ។

ប្រជាពលរដ្ឋក្នុង ភូមិទំពាំងជ្រើស និងភូមិមេលោង ស្ថិតក្នុងឃុំព្រៃស្នៀត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន CEN ថា ចាប់តាំងពីក្រុមអ្នកកាសែត ចុះទៅប្រមូលយកព័ត៌មានដល់ទីតាំងផ្ទាល់ និងជួបជាមួយអ្នកភូមិ , ម្ចាស់កសិដ្ឋាន និងលោកមេឃុំផងនោះ កាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ គឺរយៈពេលជាងពីរសប្តាហ៍ហើយ ទីតាំងកសិដ្ឋានចិញ្ចឹមមាន់ទាំងពីរកន្លែងនោះ មិនមានការប្រែប្រួលអ្វីឡើយ ពោលគឺ នៅតែជះក្កិនស្អុយ និងបង្កសត្វរុយច្រើនរំខានដល់ការរស់នៅ ប្រជាពលរដ្ឋដដែល លោកមេឃុំមិនបានដាក់ចំណាត់ការកែលម្អនោះទេ។
សូមបញ្ជាក់ជាថ្មីម្ដងទៀត កសិដ្ឋានចិញ្ចឹមមាន់ពីរកន្លែងនេះ ១- ស្ថិតក្នុង ភូមិទំពាំងជ្រើស មានម្ចាស់ឈ្មោះ ឡាំង រ៉ា និង២- ស្ថិតក្នុង ភូមិមេលោង មានម្ចាស់ឈ្មោះ ម៉េង គឹមហ៊ាន , ទាំងពីរភូមិនេះស្ថិតក្នុង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ រោងចិញ្ចឹមមាន់ទាំងពីរកន្លែងនេះ បានជះក្លិនស្អុយចេញពីលាមកមាន់ ដែលម្ចាស់កសិដ្ឋានខ្វះការរៀបចំបច្ចេកទេសអនាម័យនេះ បានបង្កឲ្យជះក្លិនស្អុយស្ទើរតែ ពេញទាំងពីរភូមិនេះទៅហើយ គឺក្លិនស្ងុយផង និងសំបូរសត្វរុយផង, ប្រជាពលរដ្ឋជួបការលំបាករយៈពេលជាង ៥ឆ្នាំមកហើយ ពួកគាត់ធ្លាប់រាយការណ៍ ប្រាប់លោកមេភូមិជាច្រើនលើកច្រើនសារួចមកហើយដែរ ប៉ុន្តែលោកមេភូមិ ហាក់ដូចជាកាងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ទាំងនោះទៅវិញ រហូតដល់ប្រជាពលរដ្ឋលែងហ៊ានរាយការណ៍ និងមិនហ៊ានធ្វើការតវ៉ាចំពោះមុខលោកមេភូមិ និងម្ចាស់កសិដ្ឋានទៀតនោះទេ ខ្លាចគេគុំកួននាំមានរឿងទៅថ្ងៃក្រោយ ព្រោះម្ចាស់កសិដ្ឋានគឺជាកូនក្មួយលោកមេភូមិ និងលោកមេឃុំ។

ទាក់ទងនឹងបញ្ហានេះ នៅពេលជួបសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោក គ្រៀង ឡា មេឃុំព្រៃស្នៀត បានសម្ដែងធ្វើពុតជាល្អថា លោកទទួលស្គាល់ថា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ទាំងពីរកន្លែងខាងលើ ដែលបង្កក្លិនស្អុយ និងសត្វរុយ ប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនោះ ពិតជាកូនក្មួយរបស់គាត់ប្រាកដមែន, ប៉ុន្តែលោកមេឃុំបញ្ជាក់ថា រឿងកូនក្មួយគឺជារឿងផ្សេង សុខទុក្ខប្រជាពលរដ្ឋគឺជារឿងផ្សឹង ព្រោះការបោះឆ្នោតជ្រើសរើសមេឃុំ ឬក្រុមប្រឹក្សាឃុំ មិនមែនកូនក្មួយគាត់ពីរបីនាក់ហ្នឹងទេ គឺប្រជាពលរដ្ឋក្នុងភូមិទាំងមូល, ហើយលោកក៏មិនអាចឲ្យកូនក្មួយរបស់លោកមកប៉ះពាល់សេចក្ដីសុខរបស់ប្រជាពលរដ្ឋនោះដែរ, ជាក់ស្ដែង ដូចជាការបើកកសិដ្ឋានចិញ្ចឹមមាន់ខ្វះអនាម័យ ធ្វើឱ្យប៉ះពាល់សុខភាព កើតសត្វរុយច្រើននេះជាដើម, លោកនឹងកោះហៅម្ចាស់កសិដ្ឋានឲ្យធ្វើកិច្ចសន្យា និងឲ្យកែលម្អលុបបំបាត់ក្លិនស្អុយ និងទុកដាក់លាមកមាន់ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេសស្តង់ដារ កុំឱ្យបង្កសត្វរុយតទៅទៀត។

លោក គ្រៀង ឡា មេឃុំព្រៃស្នៀត បញ្ជាក់ទៀតថា កន្លងមក លោកពុំដែលបានទទួលការប្ដឹងតវ៉ាអ្វីពីប្រជាពលរដ្ឋនោះទេ សូម្បីតែតាមរយៈមេភូមិ ក៏មិនដែលឃើញមេភូមិ មករាយការណ៍ប្រាប់លោកម្ដងណាដែរ។ លោកមេឃុំព្រៃស្នៀត បញ្ជាក់ថា មិនចាំបាច់ទាល់តែប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋក្នុងភូមិទាំងមូលនោះទេ សូម្បីតែប៉ះពាល់ ២-៣នាក់ ក៏លោកត្រូវតែដោះស្រាយករណីនេះ ជូនប្រជាពលរដ្ឋដែរ, ប៉ុន្តែនៅទីបំផុត ការអួតអះអាងរបស់លោកមេឃុំ លោក គ្រៀង ឡា រូបនេះ បានត្រឹមតែសម្ដែងធ្វើពុតជាល្អប៉ុណ្ណោះ មិនបានអនុវត្តដូចពាក្យសំដីរបស់លោកទេ គឺជាមេឃុំដែលចូលចិត្តប្រើភាសា ជាថ្នាំសណ្តំបោកបញ្ឆោតប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានឲ្យស្ងប់ចិត្ត ប៉ុន្តែទីបំផុត ទីបំផុតក្លិនស្អុយរបស់កសិដ្ឋាន និងលាមកមាន់ពាសវាលពាសកាលបង្កើតជាសត្វរុយនៅតែដដែល។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងពីរ គឺភូមិទំពាំងជ្រើស និងភូមិមេលោង ដែលរងនូវក្លិនស្អុយ និងរុយច្រើនច្រវាត់ច្រវែងចេញ ពីកសិដ្ឋានចិញ្ចឹមមាន់ទាំងពីរកន្លែងនេះ ក៏បានអះអាងដែរថា ពួកគាត់បានប្ដឹងទៅលោកមេភូមិ និងលោកមេឃុំ ច្រើនលើកច្រើនសាណាស់មកហើយ ប៉ុន្តែមិនមានដំណោះស្រាយទាល់តែសោះ គឺមានតែការគំរាមកំហែងតបមកវិញពីសំណាក់អាជ្ញាធរមូលដ្ឋាន, ហើយបើពួកគាត់ប្ដឹងតវ៉ានោះ ត្រូវបានអាជ្ញាធរភូមិ-ឃុំ ជួយដោះស្រាយមែននោះ គឺមិនមែនពួកគាត់ដល់ថ្នាក់មកប្ដឹងអ្នកសារព័ត៌មាន ឲ្យជួយផ្សាយរកយុត្តិធម៌នោះទេ ម៉្លេះពួកគាត់បញ្ចប់ការតវ៉ាតាំងពីយូរយារណាស់មកហើយ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រោយពីសារព័ត៌មានផ្សព្វផ្សាយ ក្នុងរឿងនេះហើយ សូមលោកប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងគណៈអភិបាលខេត្តព្រៃវែង មេត្តាជួយអន្តរាគមន៍ផ្ដល់នូវការរស់នៅល្អប្រសើរផ្នែកអនាម័យសុខភាពជូនពួកគាត់ផង។ ប្រជាពលរដ្ឋស្នើសុំ២ចំណុច គឺ ១- សូមស្ថាប័នជំនាញ ជួយអន្តរាគមន៍កែលម្អក សិដ្ឋានចិញ្ចឹមមាន់ទាំងពីរកន្លែងនេះ ធ្វើយ៉ាងណាឱ្យបាត់ក្លិនស្អុយ និងបាត់សត្វរុយ។ ២- បើមិនអាចកែលម្អទៅតាមស្តង់ដារ បច្ចេកទេសបានទេ ស្នើសុំឱ្យបញ្ចប់រោងចិញ្ចឹមមាន់ ទាំងពីរកន្លែងនេះតែម្ដង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










