Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នយោបាយឈ្នះឈ្នះ គួរតែមានតម្លៃនៅលើទំព័រប្រតិទិន ព្រោះជាការតាំងចិត្តយកអាយុជីវិត ទៅប្ដូរយកសន្តិភាពពេញលេញ

spot_img

ភ្នំពេញ ៖ ប្រទេសកម្ពុជា នឹងត្រូវបង្កើតទិវាមួយទៀតសម្រាប់ថ្ងៃរំលឹកខួបអនុស្សាវរីយ៍ជាតិ គឺទិវា «ទិវានយោបាយឈ្នះឈ្នះ» ដែលពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរួចហើយ ឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ នេះ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្នើបង្កើត «ទិវានយោបាយឈ្នះឈ្នះ» នេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាលទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ និងចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) ដែលវាផ្សារភ្ជាប់នឹងកងទ័ពកម្ពុជាមិនអាចកាត់ផ្ដាច់បាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំសូមយកឱកាសសម្ពោធអគាររដ្ឋបាល ទីស្តីការក្រសួងការពារជាតិថ្មី និងខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ នេះ ផ្តាំផ្ញើការសួរសុខទុក្ខជូនដល់កងទ័ពទូទាំងប្រទេស និងកងទ័ពកម្ពុជាដែលកំពុងបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិផង។ ការចាក់វ៉ាក់សាំងជូនដល់ប្រជាជន គឺមួយផ្នែកធំត្រូវបានធ្វើឡើងដោយកងទ័ព ដូច្នេះ ខ្ញុំមានមោទនភាព ដែលកងទ័ពរបស់យើង បានធ្វើការងារជាច្រើននាពេលកន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់, វាបានផ្សារភ្ជាប់នឹងកងទ័ព ថ្នាក់ដឹកនាំ ក្រុមមន្ត្រីស៊ីវិល, ហើយយុទ្ធសាស្ត្រ ” នយោបាយឈ្នះឈ្នះ ” គឺជាយុទ្ធសាស្រ្តចំបងបំផុត រួមជាមួយនឹងការយកអាយុជីវិតធ្វើដើមទុន ទៅប្ដូរយកសន្តិភាពមកវិញ ដូច្នេះនយោបាយឈ្នះឈ្នះ កាលពី ២៣ឆ្នាំមុន យើងមិនត្រូវបំភ្លេច ឬធ្វើឲ្យភ្លេចនោះទេ គឺគួរតែមានឋានៈមួយ ដាក់ឱ្យនៅជាប់នឹងទំព័រប្រតិទិន ទុកជាសរណ:សម្រាប់ជាតិ និងកូនខ្មែរតចំណេរចីរកាលទៅ។

ជាមួយគ្នានេះទៀត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា យើងមានមោទនភាពចំពោះសមិទ្ធផលថ្មីរបស់ក្រសួងការពារជាតិនេះណាស់ ក្នុងនាមថ្នាក់ដឹកនាំកម្ពុជា ប្រជាជនកម្ពុជា យើងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចជាចិន និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍ ដៃគូជាមិត្តផ្សេងទៀត ដែលបានចូលរួមអស់កម្លាំងកាយចិត្តជួយអភិវឌ្ឍកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×