ភ្នំពេញ៖ ពិភពលោកបច្ចុប្បន្ន បានដើរដល់បដិវដ្ដន៍ឧស្សាហកម្ម ៤.០ ដែលជាសម័យកាលនៃបច្ចេកវិទ្យាឌីជីថល ដោយមើលឃើញថា កម្ពុជា ដែលជាប្រទេសកំពុងរៀបចំខ្លួន ដើម្បីឈានចូលក្នុងដំណាក់កាលឌីជីថលនេះ ទាមទារជាចាំបាច់ណាស់សម្រាប់កម្ពុជា នូវបទពិសោធន៍ និងជំនាញគ្រប់គ្រាន់ ដើម្បីឈានចូលទៅក្នុងសង្គមបច្ចេកវិទ្យាបានដោយរលូន និងអាចទាញយកប្រយោជន៍យ៉ាងច្រើនពីវា។
បច្ចុប្បន្ននេះ សម្រាប់ប្រទេសកូរ៉េខាងត្បូង មានក្រុមហ៊ុន W&K កំពុងធ្វើការយ៉ាងសកម្ម ជាមួយនឹងបច្ចេកវិទ្យា ខណៈដែលសង្គមជាតិ កំពុងស្ថិតក្នុងស្ថានភាពដំណើរការ យ៉ាងពេញទំហឹង។ ដើម្បីចែករំលែកបទពិសោធន៍ ផ្នែកបច្ចេកវិទ្យាឌីជីថល និង Block chain ដល់អ្នកជំនាញពាក់ព័ន្ធរបស់កម្ពុជា លោក ណា ចុងស៊ិក តំណាងក្រុមហ៊ុន W&K បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។
លោក ណា ចុងស៊ិក បានលើកឡើងថា បើទោះបីជាពិភពលោក កំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្ដែលោកនៅតែមានការប្ដេជ្ញា ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាឲ្យបាន ដើម្បីធ្វើការចែករំលែកអំពីបច្ចេកវិទ្យាឌីជីថល ដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន ដែលមានទេពកោសល្យ និងមានបំណងចង់ចេះ ចង់ដឹង និងចង់ស្វែងយល់ ឲ្យបានស៊ីជម្រៅ អំពីវិស័យនេះ។
លោក បានឲ្យដឹងថា លោកគ្រោងនឹងជួបពិភាក្សាការងារ ជាមួយនឹងដៃគូរសហការសំខាន់ៗរបស់ក្រុមហ៊ុន ជាពិសេសគឺនឹងធ្វើសន្និសីទសារព័ត៌មានមួយ ជាមួយបណ្ដាញសារព័ត៌មានក្នុងស្រុក ដើម្បីធ្វើការពន្យល់ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីបច្ចេកវិទ្យាឌីជីថល ដែលកំពុងដំណើរការនៅប្រទេសរបស់លោក ក៏ដូចជាបេសកកម្មសំខាន់ៗនានា ដែលក្រុមហ៊ុនលោក កំពុងអនុវត្តក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩ ដែលបានប្រើប្រាស់បច្ចេកវិទ្យាក្នុងមធ្យោបាយផ្សេងៗ៕