ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសជិត ១ម៉ឺនករណី ឃាត់ខ្លួនជាង ២៦.០០០នាក់ និងរឹបអូសគ្រឿងញៀនជាង ៦តោន ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦!!

ភ្នំពេញ៖ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៩.៧៤៦ករណី កើនឡើង ៩,៧៨% ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២៦.៣៣៨នាក់ ក្នុងនោះមានជនបរទេស ១.៣៤១នាក់ និងរឹបអូសគ្រឿងញៀនសរុបចំនួន ៦តោន ៣៥៣គីឡូក្រាម កើនឡើង ១១,២% បើធៀបនឹងរយៈពេលដូចគ្នា។

យោងតាមរបាយការណ៍លម្អិតរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងចំណោមប្រតិបត្តិការបង្ក្រាបទាំងនេះ ករណីបទល្មើសគ្រឿងញៀនធ្ងន់ធ្ងរ ដែលមានការរឹបអូសគ្រឿងញៀនចាប់ពី ១គីឡូក្រាមឡើងទៅ មានចំនួន ១២៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៣៧៧នាក់ និងរឹបអូសគ្រឿងញៀនបានចំនួន ៥តោន ២៩១គីឡូក្រាម ដែលថយចុះ ៣,៦៧%។

ចំណែកសារធាតុគីមីផ្សំដែលរឹបអូសបានមានចំនួន ៣តោន ៤០០គីឡូក្រាម ថយចុះ ៩២%។

ចំពោះលំហូរគ្រឿងញៀនឆ្លងកាត់កម្ពុជាក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ ត្រូវបានបែងចែកជា ៤ប្រភេទសំខាន់ៗ រួមមាន ការនាំចូល ការនាំចូលក្នុងគោលបំណងនាំចេញទៅក្រៅប្រទេស ការនាំចេញទៅក្រៅប្រទេស និងការកែច្នៃផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរក្នុងស្រុក។

ការនាំចូលគ្រឿងញៀនមានបរិមាណសរុប ១តោន ៨២១គីឡូក្រាម និង ២៩ក្រាម ស្មើនឹង ៣៤,៤១% ក្នុងនោះតាមច្រកព្រំដែនគោកពីប្រទេសឡាវមានចំនួន ៣៣,៣៨% តាមច្រកព្រំដែនគោកពីប្រទេសថៃ ០,៩០% តាមច្រកព្រំដែនទឹកពីប្រទេសឡាវ ០,៧៧% និងតាមផ្លូវអាកាស ០,១៥%។

ចំណែកឯ ការនាំចូលគ្រឿងញៀនក្នុងគោលបំណងនាំចេញទៅក្រៅប្រទេសមានបរិមាណសរុប ៣តោន ១១គីឡូក្រាម និង ១០៦ក្រាម ស្មើនឹង ៥៦,៩% ក្នុងនោះតាមច្រកព្រំដែនគោកពីប្រទេសវៀតណាមមានចំនួន ០,៤៦% តាមផ្លូវអាកាស ០,១៧% និងតាមផ្លូវទឹក ៥៦,២៨%។

ដោយឡែក ការនាំចេញគ្រឿងញៀនទៅក្រៅប្រទេសមានបរិមាណសរុប ១៣គីឡូក្រាម និង ២៨១ក្រាម ស្មើនឹង ០,២៥% ក្នុងនោះតាមរយៈបញ្ញើប្រៃសណីយ៍មានចំនួន ០,១៥% និងតាមផ្លូវអាកាស ០,៩០%។

ចំពោះការកែច្នៃផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនក្នុងស្រុក ដែលមិនមានប្រភពច្បាស់លាស់ មានបរិមាណសរុប ៤៤៧គីឡូក្រាម ស្មើនឹង ៨,៤៥% ក្នុងនោះការកែច្នៃផលិតមានចំនួន ៤,១៨% និងការរក្សាទុក ដឹកជញ្ជូន និងជួញដូរក្នុងស្រុកមានចំនួន ៤,២៧%។

ទន្ទឹមនឹងការបង្ក្រាបបទល្មើស អាជ្ញាធរមានសមត្ថកិច្ចក៏បានអនុវត្តវិធានការរដ្ឋបាលនៅតាមទីតាំងសរុបចំនួន ៨.០៩៩ទីតាំង ដោយមានការថយចុះចំនួន ៦.៣៦៣ទីតាំង ស្មើនឹង ៤៤%។

សមត្ថកិច្ចបានចុះអប់រំតាមទីតាំងអាជីវកម្មចំនួន ៦.០៧៩លើក នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បារ ខារ៉ាអូខេ និងក្លឹបកម្សាន្ត ព្រមទាំងបានអញ្ជើញម្ចាស់ទីតាំងអាជីវកម្មមកប្រជុំអប់រំចំនួន ២.២៦៧លើក ដោយមានអ្នកចូលរួមសរុប ៩៣.០០០នាក់។

ជាមួយគ្នានេះ សមត្ថកិច្ចបានឆ្មក់ធ្វើតេស្តរកសារធាតុញៀនចំនួន ១.២៧៦លើក ដោយធ្វើតេស្តលើមនុស្សសរុប ៩.៣១៧នាក់ ក្នុងនោះមានលទ្ធផលវិជ្ជមានចំនួន ១.៥៣៩នាក់។

តាមរយៈប្រព័ន្ធរាយការណ៍ និងកម្មវិធី NoDrug មានអ្នករាយការណ៍អំពីបទល្មើស និងសកម្មភាពពាក់ព័ន្ធចំនួន ១៣.៤១១ករណី ក្នុងនោះករណីដែលបានដោះស្រាយរួចមានចំនួន ១១.៧៩៤ករណី និងកំពុងដោះស្រាយចំនួន ២៨២ករណី ខណៈកម្មវិធី NoDrug មានអ្នកប្រើប្រាស់សរុបចំនួន ២៤២.៨៣៨នាក់។

ក្នុងរយៈពេលដូចគ្នា ការងារផ្សព្វផ្សាយ និងអប់រំប្រឆាំងគ្រឿងញៀនត្រូវបានអនុវត្តតាមរយៈការជួបជុំ សិក្ខាសាលា ព្រឹត្តិការណ៍នានា ការផលិតសម្ភារៈផ្សព្វផ្សាយ គេហទំព័រ ប៉ាណូ បដា ខិត្តប័ណ្ណ វិទ្យុ ទូរទស្សន៍ សារទូរស័ព្ទ និងកម្មវិធី NoDrug សរុបចំនួន ១៩៩.៥៧៤លើក ដោយមានអ្នកទទួលសារអប់រំសរុបចំនួន ២៦.៨១៨.១៦០នាក់ កើនឡើង ៣១,៨%។

ចំពោះការងារព្យាបាល និងស្តារនីតិសម្បទា អ្នកញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនសរុបមានចំនួន ៣៤.២៣០នាក់ កើនឡើង ២,៨៨% ក្នុងនោះមានអ្នកទទួលសេវាព្យាបាល និងស្តារនីតិសម្បទាចំនួន ៣២.០៩៨នាក់ អ្នកត្រូវបានបញ្ជូនទៅតុលាការចំនួន ២.១៣២នាក់ និងអ្នកដែលត្រូវបានធ្វើសមាហរណកម្មចូលក្នុងសង្គមវិញមានចំនួន ១៨.០៤៩នាក់។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង និង ជាអ្នកនាំពាក្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា: អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាំងពីដើមអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាមកម្ល៉េះ ក្រោមគោលការណ៍ណែនាំ និងការអនុញ្ញាតពីសម្តេចធិបតីនាយករដ្ឋមន្ត្រី។

លោកបានបញ្ជាក់ថា: ដើម្បីពង្រឹងការទប់ស្កាត់ និងការពារការបង្វែរសារធាតុគីមីផ្សំទៅប្រើប្រាស់ក្នុងការផលិតគ្រឿងញៀនខុសច្បាប់ អាជ្ញាធរបានដាក់ចេញវិធានការសំខាន់ៗចំនួន ៦ រួមមាន: ការកែសម្រួល និងធ្វើបច្ចុប្បន្នភាពក្រុមការងារ និងលេខាធិការដ្ឋាននៃក្រុមការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ការកែសម្រួលនាយកដ្ឋានត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្កើត និងដាក់ឱ្យអនុវត្តនូវនិយាមនីតិវិធីប្រតិបត្តិស្តីពីការគ្រប់គ្រងនិងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ការផលិតវីដេអូផ្សព្វផ្សាយអប់រំដល់អាជ្ញាធរមូលដ្ឋានឱ្យយល់ដឹងពីការបង្វែរ និងការលួចលាក់ដឹកជញ្ជូនសារធាតុគីមី និងសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀននៅតាមកសិដ្ឋាន រោងចក្រ និងទីតាំងនានាក្នុងមូលដ្ឋាន ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មានជាមួយស្ថាប័នអន្តរជាតិ និងប្រទេសនានា ពាក់ព័ន្ធនឹងការនាំចូលសារធាតុគីមីផ្សំ និង បុរេសារធាតុគីមីមកក្នុងប្រទេស ព្រមទាំងការចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សន្និធិជាក់ស្តែងនៃការប្រើប្រាស់សារធាតុគីមីនៅតាមរោងចក្រ និងក្រុមហ៊ុនដែលមានតម្រូវការប្រើប្រាស់សារធាតុគីមី។

ដោយឡែក ការនាំចូលសារធាតុគីមី និងសារធាតុគីមីផ្សំដែលត្រូវបានត្រួតពិនិត្យក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ មានបរិមាណសរុបចំនួន ២១៣.៤៣៨តោន ៧៩៧គីឡូក្រាម ដែលថយចុះ ១៥,៩% បើធៀបនឹងរយៈពេលដូចគ្នា។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម