ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លៀសជាង៤,៥០០គីឡូក្រាម ត្រូវបានចាក់លែងចូលបឹងទន្លេសាបវិញ ក្រោយបង្ក្រាបបទល្មើសនេសាទនៅខេត្តកំពង់ធំ!

ខេត្តកំពង់ធំ៖ លៀសចំនួនជាង ៤,៥០០គីឡូក្រាម ដែលត្រូវបាននេសាទដោយប្រើឧបករណ៍ខុសច្បាប់ ត្រូវបានកម្លាំងចម្រុះចាក់លែងចូលក្នុងបឹងទន្លេសាបវិញ ខណៈប្រជាពលរដ្ឋចំនួន ១៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួនដើម្បីអប់រំ និងធ្វើកិច្ចសន្យា មុនអនុញ្ញាតឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតំបន់ខាងមុខបាឡត ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយ
លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង ជាប្រធានក្រុមទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំពាមបាង សហការជាមួយលោក ហ៊ួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង។

តាមការបញ្ជាក់របស់មន្ត្រីប្រតិបត្តិការ នៅពេលចុះបង្ក្រាប កម្លាំងចម្រុះបានរកឃើញប្រជាពលរដ្ឋចំនួន ១៨នាក់ កំពុងធ្វើសកម្មភាពនេសាទលៀសដោយប្រើឧបករណ៍ឈ្នាងអូសលៀសដោយម៉ាស៊ីន ដែលជាវិធីនេសាទខុសច្បាប់។

ក្នុងនោះមានកាណូតបាឡាស្មាច់បំពាក់ម៉ាស៊ីនចំនួន៥គ្រឿង ឈ្នាង និងកញ្ជ្រែងសម្រាប់រែងលៀសចំនួន៤គ្រឿង ព្រមទាំងកាណូតមួយគ្រឿងទៀតសម្រាប់ផ្ទុកលៀសដែលនេសាទបាន។

ក្រោយការសាកសួរ អ្នកនេសាទទាំងនោះបានឱ្យដឹងថា ពួកគេមានទីលំនៅនៅភូមិផ្សារឃ្លាំងក្រោម ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ប៉ុន្តែបច្ចុប្បន្នស្នាក់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់រួច កម្លាំងចម្រុះបានអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំង១៨នាក់វិលត្រឡប់ទៅមូលដ្ឋានវិញដោយសុវត្ថិភាព។

ចំណែកឯឧបករណ៍នេសាទដែលដកហូតបាន ត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលពាមបាង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងប្រតិបត្តិការនេះ គឺកម្លាំងចម្រុះបានចាក់លែងលៀសដែលនេសាទបានចំនួនជាង ៤,៥០០គីឡូក្រាម ចូលទៅក្នុងបឹងទន្លេសាបវិញ ដើម្បីចូលរួមការពារ និងស្ដារធនធានមច្ឆជាតិឱ្យមានភាពសម្បូរបែបឡើងវិញ សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

គួររំលឹកថា: សកម្មភាពនេះ បានធ្វើឡើងស្របតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្ដីពីការហាមឃាត់ជាបណ្ដោះអាសន្នចំពោះអាជីវកម្មនេសាទលៀសគ្រប់រូបភាពនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម