ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វត្រក្រៀលដ៏កម្រចំនួន ២ក្បាល ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ និងប្រគល់ជូនមន្ត្រីជំនាញនៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ: ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ បានជួយសង្គ្រោះសត្វត្រក្រៀលដ៏កម្រចំនួន ២ក្បាល ដែលប្រទះឃើញនៅក្នុងវាលស្រែ ខណៈពួកគាត់កំពុងច្រូតស្រូវ ហើយបាននាំយកទៅប្រគល់ជូនសមត្ថកិច្ច ដើម្បីបញ្ជូនបន្តទៅឱ្យមន្ត្រីជំនាញថែទាំ និងអភិរក្ស មុននឹងលែងចូលទៅក្នុងជម្រកធម្មជាតិវិញ។

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត បានសហការជាមួយបុគ្គលិកអង្គការ WCS ចំនួន ២នាក់ ចុះទទួលយកសត្វត្រក្រៀលទាំងពីរក្បាលពីប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃពីរ ស្ថិតក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ បន្ទាប់ពីប្រជាពលរដ្ឋបាននាំយកទៅប្រគល់ជូន។

តាមព័ត៌មានពីមន្ត្រីជំនាញ នៅព្រឹកថ្ងៃកើតហេតុ ប្រជាពលរដ្ឋមួយក្រុមបានទៅច្រូតស្រូវនៅតំបន់វាលចម្ការអំពៅ ហើយបានប្រទះឃើញសត្វទាំងពីរក្បាលនៅក្នុងវាលស្រែ។

ទោះបីមិនបានស្គាល់ច្បាស់ថាជាសត្វប្រភេទអ្វីក៏ដោយ ប៉ុន្តែដោយមានស្មារតីស្រឡាញ់ និងយល់ដឹងពីសារៈសំខាន់នៃការការពារធនធានធម្មជាតិ ពួកគាត់បានសម្រេចចិត្តជួយយកសត្វទាំងពីរទៅប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃពីរ ដើម្បីបញ្ជូនទៅឱ្យមន្ត្រីជំនាញចាត់ចែងបន្ត។

ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តព្រះវិហារ និង អង្គការ WCS បានឯកភាពគ្នាបញ្ជូនសត្វត្រក្រៀលទាំងពីរក្បាលទៅកាន់មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវចម្រុះ (ACCB) នៅខេត្តសៀមរាប ដើម្បីថែទាំ និងព្យាបាល មុននឹងវាយតម្លៃលទ្ធភាពលែងឱ្យចូលរស់នៅក្នុងព្រៃធម្មជាតិវិញ។

សត្វត្រក្រៀល គឺជាប្រភេទបក្សីកម្រដែលកំពុងប្រឈមនឹងការគំរាមកំហែងជិតផុតពូជ និងមានជម្រករស់នៅសំខាន់ៗនៅតាមតំបន់ដីសើម វាលភក់ និងត្រពាំងធម្មជាតិ។

សត្វប្រភេទនេះច្រើនរស់នៅ និងបង្កាត់ពូជក្នុងរដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា នៅតាមតំបន់ព្រៃរបោះ និងដីសើមនានា ក្នុងភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា រួមមានខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

យោងតាមទិន្នន័យ របស់អង្គការ WCS បច្ចុប្បន្ននេះ ចំនួនសត្វត្រក្រៀលដែលត្រូវបានរកឃើញនៅទូទាំងប្រទេសកម្ពុជាមានប្រមាណ ២៤៦ក្បាល ក្នុងនោះខេត្តព្រះវិហារមានចំនួន ៥៥ក្បាល ដែលជាតំបន់សំខាន់មួយសម្រាប់ការយកចិត្តទុកដាក់លើការការពារ និងអភិរក្សសត្វប្រភេទនេះ។

មន្ត្រីជំនាញបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ដែលបានចូលរួមសហការក្នុងការជួយសង្គ្រោះ និងការពារសត្វព្រៃ។

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការប្រគល់សត្វព្រៃជូនមន្ត្រីជំនាញ គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការរួមចំណែកថែរក្សាជីវចម្រុះ និងធនធានធម្មជាតិរបស់កម្ពុជា។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម