ញូវយ៉ក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ – ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឯកអគ្គរាជទូត កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់សាជាថ្មីអំពីភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជាជាមួយអ.ស.ប. និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងសេចក្តីថ្លែងការណ៍ ឯកអគ្គរាជទូត បានលើកឡើងពីតួនាទីដ៏សំខាន់របស់ក្រុមការងារប្រចាំប្រទេសរបស់អ.ស.ប. ក្រោមការដឹកនាំរបស់អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា ក្នុងការគាំទ្រដល់អាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា រួមមានការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តគម្រោងនានាសំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមក៏បានអំពាវនាវឱ្យបន្តវិនិយោគលើប្រព័ន្ធអ្នកសម្របសម្រួលប្រចាំប្រទេស ដើម្បីធានាបាននូវប្រព័ន្ធអភិវឌ្ឍន៍របស់អ.ស.ប. ដែលកាន់តែមានភាពស៊ីសង្វាក់ ការឆ្លើយតប និងមានប្រសិទ្ធភាព។រក្សាសិទ្ធដោយ៖សុទ្ធលី






