ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនចំនួនពីរករណីផ្សេងគ្នា ដោយដកហូតបានសារធាតុញៀនប្រភេទ K និងគ្រឿងញៀនជាប្រភេទទឹក សរុបទម្ងន់ ១៣,៧៤ក្រាម ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានឱ្យដឹងថា: នៅក្នុងចំណោមជនសង្ស័យទាំងនេះ, ជនសង្ស័យចំនួន ៦នាក់ រួមមាន៖ ឈ្មោះ តែម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងកញ្ចក់, ឈ្មោះ លីម អេងគ័ង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនទំនិញ, ឈ្មោះ កើត សុខម៉េង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកលក់សម្លៀកបំពាក់, ឈ្មោះ ចន្ទរិទ្ធ សម្មា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកង់បី, ឈ្មោះ កែវ ស៊ីនួន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋាន និងឈ្មោះ ជា ស្រីឡែន ភេទស្រី អាយុ២២ឆ្នាំ មុខរបរជាងសាឡន ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តនៅវេលាម៉ោង ៤:៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចរមណីយដ្ឋានធម្មជាតិគិរីរម្យ ស្ថិតក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានបញ្ជាក់ថា: ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លីម អេងគ័ង កម្លាំងជំនាញបានបន្តស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សំណាង រាជ្យសីហ៍ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនម្ហូបអាហារ។
ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ២:២០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងចែកចាយសារធាតុញៀនដោយខុសច្បាប់។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន សារធាតុញៀនប្រភេទ K ជាម្សៅ និងប្រភេទទឹក ចំនួន៤កញ្ចប់ ទម្ងន់សរុប ១៣,៧៤ក្រាម ក្នុងនោះប្រភេទម្សៅមានទម្ងន់ ១,៩៨ក្រាម និងប្រភេទទឹកមានទម្ងន់ ១១,៧៦ក្រាម។
ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូ Honda Dream ពណ៌ខ្មៅ ឆ្នាំ២០២០ ចំនួន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IN-6535 ទូរស័ព្ទ iPhone ចំនួន២គ្រឿង បាស់ចំនួន១គ្រឿង និងអំពូលភ្លើងពណ៌ចំនួន១ផងដែរ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





