Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិននៅតែជាប្រភពវិនិយោគផ្ទាល់ពីក្រៅប្រទេសឈរលំដាប់ទី១ នៅកម្ពុជា

ភ្នំពេញ៖ ទុនវិនិយោគរបស់ចិន ប្រមាណជាង ២៧ប៊ីលានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០២១ ធ្វើឲ្យចិនជាប្រភពវិនិយោគផ្ទាល់ពីក្រៅប្រទេស ឈរលំដាប់ទី១ នៅកម្ពុជា ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បាន បញ្ជាក់ថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ និងចុងក្រោយនេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅ។

ឯកឧត្តមរំពឹងថា វិនិយោគិនចិន បានយល់កាន់តែច្បាស់ និងស៊ីជម្រៅពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ និងបន្ថែមទៀត។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម ៤.០ បដិវត្តកម្មឌីជីថល និងការរអាក់រអូលខ្សែច្រវ៉ាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យអនុវត្តច្បាប់វិនិយោគថ្មី ដែលច្បាប់នេះ ត្រូវបានតាក់តែងឡើងស្របតាមការចង្អុលបង្ហាញរបស់ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរិមាពីនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ក៏ដូចជា ទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីនានា រួមទាំងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ខែមករា ឆ្នាំ ២០២២៕

spot_img
×