Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ នៅបរិវេណវិមានឈ្នះឈ្នះ មានប្រារព្ធពិធីតាំងពិព័រណ៍ បាញ់កាំជ្រួច រំលឹកខួប ២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមទទួលបានសន្តិភាពពេញលេញ

ភ្នំពេញ ៖ នៅឯបរិវេណវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំក្រុមមន្ត្រីកងទ័ព នាយទាហាន ពលទាហាន ប្រារព្ធពិធីអបអរសាទរខួប ២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២១) និងខួបលើកទី៣ នៃការដាក់ឱ្យដំណើរការជាសាធារណៈវិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើង រាជធានីភ្នំពេញ។

ពិធីនេះ មានរៀបចំស្តង់តាំងពិព័រណ៌សមិទ្ធផលនានា នៅតាមបណ្តាអង្គភាពចំណុះឱ្យក្រសួងការពារជាតិ ព្រមទាំងមានការបាញ់កាំជ្រួច ដើម្បីបង្ហាញពីការអបអរសាទរនៃទិវាដ៏សំខាន់សម្រាប់មាតុភូមិកម្ពុជា។

ការបញ្ចប់សង្គ្រាម មិនមែនជាអព្ភូតហេតុ ឬជាការស្រមៃដោយចៃដន្យនោះទេ គឺត្រូវអនុវត្តតាមគោលការណ៍នយោបាយឈ្នះ-ឈ្នះ ដែលជាទស្សនៈវិជ្ជាសនិ្តភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ដូចនេះ ទើបនៅក្នុងដំណើរការអនុវត្តការបញ្ចប់សង្គ្រាម ទាមទារនូវការដឹកនាំដែលប្រកបដោយទេពកោសល្យខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួមជាមួយគ្នា ព្រោះព្រឹតិ្តការណ៍នោះមានការប្រែប្រួលគ្រប់ចំណោទបញ្ហា។

នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រចម្បង ដែលនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×