Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ នយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន មានគុណតម្លៃធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា

spot_img

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា វាជារឿងចាំបាច់ ហើយក៏សំខាន់ណាស់ ក្នុងការបង្កើនការផ្សព្វផ្សាយអប់រំពីកម្មវិធីនយោបាយឈ្នះ-ឈ្នះ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានជ្រូតជ្រាប និងយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះនេះ។

ក្នុងពិធីអបអរសាទរខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា រកបានសុខសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ មានសម្តេចតេជោជាស្ថាបនិក និងអគ្គមគ្គទ្ទេសក៍នេះហើយ ធ្វើឱ្យកម្ពុជាអាចបិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព ហើយផ្តល់ឱកាសមហាសាលសម្រាប់ការកសាងសង្គមកម្ពុជា ឱ្យរីកចម្រើន ឱ្យមានវិបុលភាព និងកិត្យានុភាពជាតិដូចពេលបច្ចុប្បន្ននេះ។

សម្តេច ទៀ បាញ់ បានមានប្រសាសន៍ថា យើងចង់រំលឹកទិវានេះជារៀងរហូត ដើម្បីយើងបញ្ជ្រាបឱ្យគ្រប់ទិស គ្រប់ទី ឱ្យយល់ ឱ្យឯកភាពគ្នាថា វាមានគុណតម្លៃធំធេងណាស់មិនដែលមានក្នុងប្រវត្តិសាស្ត្រ និយាយមែនទែនទើប២៣ឆ្នាំនេះឯងយើងមានសន្តិភាពពេញលេញ មានការឯកភាពជាតិ។ ចង់ឱ្យមានការរៀបចំនូវទស្សនកិច្ចនានាមកកាន់វិមានឈ្នះ-ឈ្នះ ហើយរៀបចំនូវមគ្គទ្ទេសក៍ ដើម្បីពន្យល់ណែនាំប្រជាពលរដ្ឋនៅពេលពួកគាត់ចូលទៅទស្សនកិច្ចនៅវិមានឈ្នះ-ឈ្នះនោះផងដែរ។ ការធ្វើបែបនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រូតជ្រាបកាន់តែច្បាស់ពីនយោបាយឈ្នះ-ឈ្នះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា និងអគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា គ្រាមុនមានករណីរាតត្បាតជំងឺកូវីដ១៩ ពោលនៅឆ្នាំ២០១៩ ដែលជាឆ្នាំដំបូងនៃការដាក់ឱ្យដំណើរការវិមានឈ្នះឈ្នះ មានប្រតិភូជាតិ-អន្តរជាតិ និងសាធារណជនចំនួន ២លាន ៥សែននាក់ បានមកធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ននេះ ដែលមានរយៈពេល៣ឆ្នាំ នៃការដាក់ឱ្យដំណើរការជាសាធារណៈវិមានឈ្នះឈ្នះ ក្រុមការងារបានសម្របសម្រួលទទួលបដិសណ្ឋារកិច្ច ប្រតិភូជាតិ និងអន្តរជាតិមកទស្សនកិច្ចនៅវិមានឈ្នះឈ្នះ មកពីគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន សិស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវ យុវជន ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ-អន្តរជាតិ ទាំងថ្នាក់រដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី សរុបចំនួន៣៦០លើក មានចំនួនមនុស្សប្រមាណជិត៤លាននាក់។

សូមជម្រាបថា វិមានឈ្នះឈ្នះ បានបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះឈ្នះ។ ព្រមទាំងបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

វិមានឈ្នះឈ្នះ ត្រូវបានសាងសង់ នៅលើផ្ទៃដីទំហំ ៨ហិកតា ស្ថិតនៅទីតាំងចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សំណង់ប្រវត្តិសាស្ត្រនេះ ត្រូវបានសាងសង់ឡើង ដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការសាង់សង់តួវិមានឈ្នះឈ្នះមានផ្ទៃអគារទំហំ ១១៧ម៉ែត្រ គុណនឹង ១១៧ម៉ែត្រ និងមានកម្ពស់ ៥៤ម៉ែត្រ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×