Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចាត់ទុកសមិទ្ធិផលរបស់ក្រសួងរៀបចំដែនដី ជាមូលដ្ឋានក្នុងការចាប់ផ្ដើម អនុវត្តក្របខ័ណ្ឌនិងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។

តាមរបាយការណ៍របស់ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ ទោះបីកម្ពុជាស្ថិតក្នុងបរិការណ៍នៃការរាតត្បាតពីជំងឺ covid 19 ក្តី ក៏ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតែបានបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ ដោយបានសម្រេចនូវសមិទ្ធិផលសំខាន់ៗ ថ្មីៗ ជាច្រើនលើការងារកសាងផែនការរូបវ័ន្ត ក្នុងចក្ខុវិស័យនៃការរៀបចំដែនដី និងនគរូបនីយកម្មគ្រប់កម្រិត ការងារគ្រប់គ្រងសំណង់គ្រប់ប្រភេទ ការងារគ្រប់គ្រងដីធ្លី និងចុះបញ្ជីដីធ្លី ការងារដោះស្រាយវិវាទដីធ្លី ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នឹងការងារសម្បទានដីសង្គមកិច្ច និងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋមានចំណូលមធ្យម ចំណូលទាប និងជនងាយរងគ្រោះជាដើម ចូលរួមបង្កើតបាននូវចលករ និងបរិយាកាសល្អប្រសើរសម្រាប់ធុរៈកិច្ច និងការវិនិយោគ ពង្រឹងភាពសុខដុមរមនាក្នុងសង្គម និងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។

ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិសរុប ៤៧២ ០៦៩ ៥៦៦ ២៥៨ រៀល បើធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ថយចុះ ១.៦២ ភាគរយ គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យផងដែរ។ គិតពីពេលចាប់ផ្ដើមអនុវត្តដល់ដំណាច់ឆ្នាំ២០២១ ក្រសួងបានចេញប័ណ្ណកម្មសិទ្ធិដីបានចំនួន ៦ ៤១៥ ៣១១ ប័ណ្ណ ស្មើនឹង ៩១.៦ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧លានក្បាលដី លើសផែនការ ១.៦ភាគរយ ធៀបនឹងសូចនាករដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៥ ៧៩១ ៧៦១ ក្បាលដី និងចែកប័ណ្ណបាន ៥ ៣២៩ ១៥៣ ប័ណ្ណ(សម្បទានដីសង្គមកិច្ចចំនួន ១៧ ៩៩៣ ប័ណ្ណ )និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៣ ៥៥០ ប័ណ្ណ ក្នុងនោះដីរដ្ឋបាន ១៨៩ទីតាំង ចំនួន ២ ១០៤ ប័ណ្ណ ទំហំ ៩០៧ ៤៩៣ ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន ៦២០ ៥៩០ ប័ណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៣៣ សហគមន៍ស្មើនឹង ៨៥៦ ប័ណ្ណ ទំហំ ៣៣ ៨៩៩ ហិកតាសម្រាប់ ៣ ២៣៥ គ្រួសារ។ដោយឡែកការចុះបញ្ជីដីគរុភ័ណ្ឌវត្តបាន ១ ៩៣៦ វត្តស្មើនឹង ២ ៤០៤ ប័ណ្ណ ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ២ ០៨៥ ប័ណ្ណនិងដាច់ដោយដុំបាន ៣១៩ ប័ណ្ណ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងវាយតម្លៃចំពោះសមិទ្ធិផល ដែលក្រសួងសម្រេចបាននាពេលនេះ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញអំពីទេពកោសល្យ ឆន្ទៈ និងថាមពល នៃថ្នាក់ដឹកនាំ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ព្រមទាំងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ របស់មន្ត្រីរាជការនៅគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងការគាំទ្រនិងកិច្ចសហប្រតិបត្តិការល្អ ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធិផលដែលក្រសួងសម្រេចបាន ក្នុងឆ្នាំ២០២១នេះ គឺអាស្រ័យដោយមានការគាំទ្រ មិនអាចខ្វះបាននិងការដឹកនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែ ដាក់ចេញនូវចក្ខុវិស័យ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវច្បាស់លាស់ ឆ្លើយតបបានចំពោះសំណូមពរដ៏ពិសិដ្ឋ របស់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ទុកសមិទ្ធិផលខាងលើនេះថា បានចូលរួមបង្កើតជាបុរេលក្ខខណ្ឌ និងជាមូលដ្ឋានក្នុងការចាប់ផ្ដើម អនុវត្តក្របខ័ណ្ឌនិងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ពិសេសសម្រាប់ការពង្រឹងសក្តានុពល នៃចន្ទល់កំណើនសេដ្ឋកិច្ច របស់កម្ពុជា នៅក្នុងដំណើរការ នៃការស្ដារសង្គម សេដ្ឋកិច្ចឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×