Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ , ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំង បង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា

spot_img

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី របស់ក្រសួងពាណិជ្ជកម្ម រួមមាន សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រម ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ។ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំង បង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស ដែលឯកឧត្តមរដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ឡើងការពារសេចក្តីព្រាងច្បាប់ទាំងបីនេះ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦នេះផងដែរ លោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាបានជម្រាបជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ថា គណៈកម្មការទី៩រដ្ឋសភា ដោយមានកិច្ចសហការពីគណៈកម្មការទី៥ បានពិនិត្យ និងពិភាក្សាលើការស្នើសុំការផ្តល់សច្ចាប័ន លើសេចក្តីព្រាងច្បាប់ទាំងបី របស់ក្រសួងពាណិជ្ជកម្ម ជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី រួចរាល់ហើយ ហើយការស្នើសុំនេះបានបំពេញត្រឹមត្រូវតាមបែបបទ និងនីតិវិធី។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបអំពីខ្លឹមសារសំខាន់ៗ និងអត្ថប្រយោជន៍ជាច្រើន ដែលកម្ពុជានឹងទទួលបាន នៅពេលសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ចូលជាធរមាន។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចមក សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងបីនេះ ដោយសម្លេងគំាទ្រជាឯកច្ឆន្ទ ១០២/១០២ សម្លេង។ ក្នុងនាមឯកឧត្តមជាតំណាងរាជរដ្ឋាភិបាល ឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចចក្រីប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភាក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដែលបានអនុម័តយល់ព្រមសេចក្តីព្រាងច្បាប់ទាំងបីនេះ ហើយឧត្តមសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ និងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបេ្តជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ-អន្តរជាតិឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម នឹងជួយសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូន មានតម្លាភាព និងមានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសាកល។ ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ វិញ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំង បង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

spot_img
×