Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការមណ្ឌលកុមារកំព្រា ហេបភី ទ្រី រៀបចំពិធីជប់លៀងលើកទឹកចិត្តដល់កុមារ និងជួយជ្រោមជ្រែងពួកគេ ហាត់ពត់លត់ដំ ធ្វើជាពលរដ្ឋល្អទៅថ្ងៃអនាគត

ភ្នំពេញ ៖ អង្គការមណ្ឌលកុមារកំព្រា ហេបភី ទ្រី ដែលគ្រប់គ្រងដោយ លោកជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន ជាប្រធាន បានផ្ដល់ក្ដីមេត្តា យកចិត្តទុកដាក់ ចិញ្ចឹមបីបាច់ថែរក្សា និងផ្គត់ផ្គង់ដល់កុមារអស់ពេលជាច្រើនឆ្នាំមកហើយនោះ មកដល់ដំណាច់ឆ្នាំនេះ លោកជំទាវ ក៏បានរៀបចំពិធីជប់លៀងទទួលទានអាហារ ផ្ដល់អំណោយលើកទឹកចិត្តដល់កុមារទាំងនោះ ឱ្យពួកគេទទួលបាននូវភាពសប្បាយរីករាយ សម្រាប់ជីវិតរស់នៅ។

ពិធីជប់លៀងផ្ដល់ភាពសប្បាយដល់កុមារនេះ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២១ ហើយបើតាម លោកជំទាវ ឧត្ដមសេនីយ៍ឯក តុប សារ៉ន ប្រធានអង្គការមណ្ឌលកុមារកំព្រា ហេបភី ទ្រី នេះ បានឲ្យដឹងថា តាមពិតទៅ នេះមិនមែនជាពិធីធំដុំអីទេ គឺគ្រាន់តែជប់លៀងលើកទឹកចិត្តដល់ កុមារឲ្យទទួលបានភាពសប្បាយរីករាយក្នុងឱកាសបុណ្យ Christmas (បុណ្យណូអែល) តែប៉ុណ្ណោះ បូករួមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវនឹងខួប ១៧ឆ្នាំ នៃដំណើរការមណ្ឌលកុមារកំព្រា ហេបភី ទ្រី និងបូករួមដល់ដំណាច់ឆ្នាំ២០២១ ឈានចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២ ផងនោះ យើងក៏រៀបចំពិធីជប់លៀង សម្រាប់ឱកាសទាំង ៣ តែម្ដងទៅ គឺ ពិធីបុណ្យគ្រីស្មាស់ , ខួបដំណើរការ ១៧ឆ្នាំ និងពិធីបុណ្យចូលឆ្នាំសាកល ជូនពរដល់ពួកគេឲ្យមានសិរីសួស្ដី។

លោកជំទាវ ឧត្ដមសេនីយ៍ឯក តុប សារ៉ន ប្រធានអង្គការមណ្ឌលកុមារកំព្រា ហេបភី ទ្រី បានមានប្រសាសន៍ថា កុមារកំព្រាជាច្រើននាក់ ដែលរស់នៅរៀនសូត្រក្នុងមណ្ឌលកុមារកំព្រា ហេបភី ទ្រី នេះ ពួកគេខ្លះជាក្មេងកំព្រាឪពុកម្ដាយ, ខ្លះទៀតត្រូវបានឪពុកម្ដាយបោះបង់ចោល, និងខ្លះទៀតឪពុកម្ដាយបាត់បង់សមត្ថភាពចិញ្ចឹមបីបាច់ថែរក្សា, ឪពុកម្ដាយខ្លះរស់នៅផ្ទុកជំងឺអេដស៍ ហើយក៏មានកុមារកំព្រាខ្លះរស់ នៅឆ្លងមេរោគអេដស៍ពីឪពុកម្ដាយរបស់ពួកគេ រស់នៅគ្មានទីពឹងពំនាក់ ជួបការលំបាកក្នុងជីវភាព រស់នៅពន់ពេកប្រមាណ, ដោយនាងខ្ញុំ មានក្ដីអាណិតអាសូរ អំពីវាសនារបស់កុមារកំព្រាទាំងនោះ ក៏សម្រេចបង្កើតមណ្ឌលកុមារកំព្រានេះឡើងក្នុងឆ្នាំ២០០៤ ដើម្បីចិញ្ចឹមបីបាច់ថែរក្សាពួកគេ និងផ្ដល់ការអប់រំ រហូតមកដល់ឆ្នាំ២០២១នេះ គឺមានរយៈពេល ១៧ឆ្នាំហើយ។

មណ្ឌលកុមារកំព្រា ហេបភី ទ្រី ដែលមានទីតាំងស្ថិតនៅ ភូមិដីថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានផ្ដល់របបអាហារហូបចុក ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំដល់កុមារកំព្រាទាំងឡាយឲ្យបានរៀនសូត្រ ដើម្បីឲ្យពួកគេពេលធំដឹងក្ដីទៅ ធ្វើជាពលរដ្ឋល្អក្នុងសង្គម ចូលរួមជាកម្លាំងបម្រើសង្គមជាតិ។

ឆ្លើយតបនឹងសំណួរសួរថា តើលោកជំទាវបង្កើតមណ្ឌលកុមារកំព្រានេះ ក្នុងគោលដៅអ្វី និងចង់បានអត្ថប្រយោជន៍អ្វីត្រឡប់មកវិញ ? លោកជំទាវ ឧត្ដមសេនីយ៍ឯក តុប សារ៉ន បញ្ជាក់ថា គោលដៅរបស់នាងខ្ញុំ គឺចូលរួមជាមួយរាជរដ្ឋាភិបាល ជួយកិច្ចការសង្គម ជួយដល់គ្រួសារខ្វះខាត បម្រើប្រជាពលរដ្ឋ ជាពិសេស ចិញ្ចឹមបីបាច់ថែរក្សាកុមារងាយរងគ្រោះ កុមារកំព្រា និងកុមារដែលឪពុកម្ដាយរបស់ពួកគេបាត់បង់សមត្ថភាពការងារ, ធ្វើយ៉ាងណា ឱ្យពួកគេទទួលបានការអប់រំថ្នាក់មូលដ្ឋាន និងមានធនធានជាពលរដ្ឋល្អ។

ចំពោះអត្ថប្រយោជន៍វិញ គឺមានន័យថា នៅពេលដែលមណ្ឌលកុមារកំព្រា ហេបភី ទ្រី ចិញ្ចឹមបីបាច់ថែរក្សាអប់រំកុមារកំព្រាទាំងនោះ ឲ្យបានឆ្លងផុតការលំបាក ការខ្វះខាត ភាពជាកុមារតែលតោលរួចហើយនោះ ពួកគេក៏នឹងធ្វើជាពលរដ្ឋល្អ មានអនាគតភ្លឺស្វាង វៀរចាកផុតពីការប្រើប្រាស់ជីវិតទៅក្នុងសង្គមងងឹត ជាពិសេស ចៀសចាកផុតពីបញ្ហាគ្រឿងញៀន លែងជាបន្ទុកដ៏លំបាករបស់រាជរដ្ឋាភិបាល នោះហើយជាអត្ថប្រយោជន៍ដែលមណ្ឌលកុមារកំព្រា ហេបភី ត្រី ចង់បាន។

ជាមួយគ្នានេះ ក្នុងនាមជាប្រធានមណ្ឌលកុមារកំព្រា ហេបភី ទ្រី លោកជំទាវ ឧត្ដមសេនីយ៍ឯក តុប សារ៉ន សូមគោរពថ្លែងអំណរគុណ និងជូនពរឆ្នាំថ្មី ឆ្នាំសាកល២០២២ ដល់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី បងប្អូន កូនក្មួយ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ឧបត្ថម្ភ លើកស្ទួយ ដល់មណ្ឌលកុមារកំព្រា ហេបភី ទ្រី នេះ អស់រយៈកាល ១៧ឆ្នាំកន្លងមក សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ពេលវេលា ជាបន្តបន្ទាប់ទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×