ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្តោងរ៉ីម៉កដឹកដែក ឡើងទួលមិនរួច រអិលថយក្រោយ បុកផ្ទប់កញ្ចក់រថយន្តឡិចស៊ីសRX330 បែកកញ្ចក់ សំណាងមនុស្សនៅក្នុងរថយន្តរបួសស្រាល បង្កឱ្យមានការកកស្ទះយ៉ាងខ្លាំង នៅត្រង់ចំណុចនិងស្ថានីយបូមទឹកបឹងទំពុន។

ហេតុការណ៍នេះ បានកើតទ្បើងនៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង១២រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
បើយោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូសណ្តោងរ៉ីម៉កដឹកដែកបើកបរ បុរសម្នាក់ រួមដំណើរគ្នាពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុខាងលើ បានឡើងទួលមិនរួច បានរអិលថយក្រោយ មកបុកផ្ទប់កញ្ចក់រថយន្តឡិចស៊ីស RX330 ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AP 5579 ធ្វើដំណើរពីរនាក់ប្តីប្រពន្ធមកពីក្រោយ បណ្តាលឲ្យបែកកញ្ចក់រថយន្ត តែសំណាងល្អ ដែលមនុស្សនៅក្នុងរថយន្ត របួសស្រាលតែប៉ុណ្ណោះ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន នៃប៉ុស្តិ៍រដ្ឋាបាលសង្កាត់បឹងទំពុនទី២ បានចុះទៅដល់ទីតាំងកើតហេតុ បានធ្វើការវាស់វែង យករថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក មកដាក់អែបខាង កុំឲ្យមានការកកស្ទះ ដល់បងប្អូនប្រជាពលរដ្ឋ ក្រោយមកម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ក បានចេញសំណងសងថ្លៃខូចខាត ចំពោះរថយន្តចំនួន២៤០ដុល្លារ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្ដង៕ រក្សាសិទ្ធិដោយ ៖ សួង សាម





