Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវ ឲ្យអតីត កម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៏ធ្វើសកម្មភាពសម្តែងមតិដោយខុសច្បាប់ បញ្ឈប់សកម្មភាពតវ៉ា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថៃ្ងព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីអំពាវនាវ ឲ្យអតីត កម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៏ធ្វើសកម្មភាព សម្តែងមតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ ព្រមទាំងបានបិទផ្លូវច្រក ចេញចូលរបស់ក្រុមហ៊ុនឯកជនថែមទៀតផង ដែលសកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន បញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ ចាប់ពីពេលនេះតទៅ។

ក្នុងរយៈពេលកន្លងមកចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នេះ អតីត កម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៏ ដឹកនាំដោយ កញ្ញា ឈឹម ស៊ីថរ និងគូកន បានធ្វើសកម្មភាពសម្តែង មតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ ព្រមទាំងបានបិទផ្លូវច្រក ចេញចូលរបស់ក្រុមហ៊ុនឯកជនថែមទៀតផង ដែលសកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេសពុំបាន ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាមានការខិតខំសម្របសម្រួលរកដំណោះស្រាយ ជាបន្តបន្ទាប់ ទាំងនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងណាក្តី។

យ៉ាងណាមិញ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំសកល ២០២២ ដែលនឹងចូលមកដល់នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ ក៏ដូចជាដើម្បីបង្កលក្ខណៈដល់បងប្អូន ប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តដោយភាពសប្បាយរីករាយ រដ្ឋបាលរាជធានី ភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ ត្រូវបញ្ឈប់សកម្មភាពតវ៉ា ដោយខុសច្បាប់ចាប់ពីពេលនេះតទៅ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា សហជីព និងក្រុមបាតុករទាំងអស់ នឹងចូលរួមអនុវត្តតាម ការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រកបដោយស្មារតីទទួលខុសត្រូវ និងចូលរួមអនុវត្តច្បាប់ឱ្យមាន ប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

tel
×