ភ្នំពេញៈ អតិថិជនដែលបានទិញផ្ទះនៅក្នុងបុរីប៊ូយ៉ុងខ្មែរ បានផ្ទុះការតវ៉ា និងបាននាំគ្នាទៅតវ៉ានៅមុខក្រុមហ៊ុនប៊ូយ៉ុងខ្មែរ ស្ថិតក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការផ្ទុះការតវ៉ានេះ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសរំសាយកុងត្រាចោលជាមួយអតិថិជនដោយមិនបានសួរនាំពីអតិថិជននោះទេ។
ក្រុមអតិថិជនដែលបានតវ៉ានៅមុខក្រុមហ៊ុនប៊ូយ៉ុងបានអះអាងថា ការប្រកាសរំសាយកុងត្រាចោលនេះ គឺដោយសារតែដីនិងផ្ទះឡើងថ្លៃបានជាក្រុមហ៊ុនលេងក្បាច់នេះតែម្តង រួចសងសំណង ៤,២៥ភាគរយឲ្យអតិថិជនវិញ។ ហើយការធ្វើបែបនេះ គឺពួកគាត់មិនទទួលយកនោះទេ។ ហើយអ្នកដែលតវ៉ានេះ គឺសុទ្ធតែជាអតិថិជនដែលបានទិញគំរោងពីក្រុមហ៊ុនប៊ូយ៉ុង ដោយអ្នកខ្លះខ្ចីលុយធនាគារយកមកទិញ។ ហើយក្រុមហ៊ុនឲ្យមកវិញគឺវាមិនសមស្របនៅអ្វីដែលអតិថិជនចង់បាន។
ស្ត្រីម្នាក់ដែលតវ៉ានៅមុខក្រុមហ៊ុនប៊ូយ៉ុងបានថ្លែងថា “ មកតវ៉ាខាង «ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ» រំសាយកិច្ចសន្យាលក់ផ្ទះអតិថិជន រួចសងសំណងចំនួន 4,25 % ជូនអតិថិជនវិញ។ ចេះអីតែឯងគ្រាន់តែដីផ្ទះឡើងថ្លៃ មកលេងក្បាច់រំសាយកិច្ចសន្យាលក់ផ្ទះអតិថិជន។ ក្នុងអតិថិជនម្នាក់ទិញ ៤ ទៅ ៥ល្វែង ហើយបង់ជារៀងរាល់ខែ ជាយូរខែ យូរឆ្នាំមកហើយបែរជាក្រុមហ៊ុនប្រកាសរំសាយកិច្ចសន្យាចោលដោយគ្មានសួរនាំអតិថិជន ដោយឲ្យអតិថិជនចំណេញតិចក្រោមទីផ្សារ”។
អ្នកតវ៉ាម្នាក់ទៀតរៀបរាប់ថា ពួកគាត់បានទិញផ្ទះទិញដីពីក្រុមហ៊ុនប៊ូយ៉ុងខ្មែរ និងបានបង់លុយមួយចំនួនរួចហើយដែរ ព្រមទាំងមានកិច្ចទិញលក់ត្រឹមត្រូវ ប៉ុន្តែក្នុងពេលថ្មីៗនេះក្រុមហ៊ុនប៊ូយ៉ុងខ្មែរ បានជូនដំណឹងទៅដល់អតិថិជនដែលបានទិញផ្ទះ ទិញដីពីក្រុមហ៊ុនប៊ូយ៉ុងខ្មែរទាំងអស់ថា ក្រុមហ៊ុនរំសាយកិច្ចសន្យាទិញលក់ផ្ទះនិងដីទាំងអស់។ ហើយសន្យាសងប្រាក់ដែលបានបង់មកក្រុមហ៊ុនរួចរាល់ហើយដល់អតិថិជនវិញគ្រប់ចំនួន ព្រមទាំងបូកបន្ថែមចំនួន 4.25 % បន្ថែមទៀតជូនអតិថិជន…។ តែអតិថិជនទាំងអស់មិនយល់ព្រម សុំឲ្យមានការស្រាយបំភ្លឺបញ្ជាក់បន្ថែមពីក្រុមហ៊ុនប៊ូយ៉ុងខ្មែរចំពោះករណីការរំសាយកិច្ចសន្យាទិញលក់នេះ!។
ទាក់ទងការតវ៉ានេះ ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ មិនអាចសុំការអត្ថាធិប្បាយបានទេនៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១៕ រក្សាសិទ្ធដោយៈ ចេស្តារ




