កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) មានការជួញដូរតាមរយៈវិធីសាស្រ្តចរចាមួយដែលមានតម្លៃ ៦៨,៣៨ប៊ីលានរៀល ដែលបានគ្រប់ដណ្តប់ដល់ ៩៩,៨៩ភាគរយ នៃតម្លៃជួញដូរទាំងអស់របស់ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

លើសពីនេះ ភាគហ៊ុនទាំងឡាយនៅលើសន្ទស្សន៍ផ្សារមូលបត្រកម្ព្ជាមានការកើនឡើងស្ទើរទាំងអស់ លើកលែងតែ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) មួយដែលបានរក្សាថ្លៃថេរត្រឹម ១៤.៩០០ រៀលក្នុងមួយហ៊ុនដដែល។ ភាគហ៊ុនអេស៊ីលីដា (ABC) និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) វិញបានកើនឡើងខ្ពស់ជាងគេនៅថ្ងៃនេះចំនួន ៣៨០រៀល និង ១៤០រៀលរៀងគ្នា មកបិទត្រឹម ១០.៧២០រៀល និង ៧.២០០រៀល។

ភាគហ៊ុននៅសល់ទាំងឡាយរបស់ទីផ្សារទាំងពីរដែលរួមមាន ហ្រ្កេនធ្វីន(GTI) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) និង ឌីប៊ីឌី (DBDE) មានកំណើនចន្លោះពី ១០ទៅ៣០រៀលក្នុងមួយហ៊ុន។ ជាលទ្ធផល សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ២,៥៦ភាគរយ មកដល់ ៤៧៩,៥៤ ពិន្ទុ។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៧០.៤៥ពាន់លានរៀល ហើយតម្លៃរបស់ទីផ្សារកំណើនមានចំនួន ៨៦,៧១លានរៀល៕