ភ្នំពេញ៖ បើយោងតាមរបាយការណ៍ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការវិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេសនៅឆ្នាំ ២០២១នេះ ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក៏កម្ពុជានៅតែមានចំនួន ៤៣០៣ គម្រោង ដែលមានតម្លៃទុន ប៉ាន់ស្មាន ៥,៣៣ ពាន់លានដុល្លារ។ តួលេខនេះ បានធ្លាក់ចុះ ៣១,២១ភាគរយ បើធៀបនឹងឆ្នាំ ២០២០។

របាយការណ៍ដដែលនេះបានឲ្យដឹងទៀតថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ កម្ពុជាបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥ម៉ឺន ៧៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៦៦លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៦៦,២០លានដុល្លារផងដែរ។

ហើយដោយឡែក បើគិតពីឆ្នាំ ២០០៥ មកដល់ឆ្នាំ២០២១នេះ សំណង់អគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅកើនឡើងរហូតជាង ២៣៧៥អគារ ក្នុងនោះសំណង់អគារខ្ពស់ៗ នៅខេត្តព្រះសីហនុ មានចំនួនជាង ៦៦៦អគារ។

គួរបញ្ជាក់ថា បើតាមក្រសួងរៀបចំដែនដី ការចូលរួមបង្កើតបាននូវចលករ និងបរិយាកាសល្អប្រសើរសម្រាប់ធុរកិច្ច និងការវិនិយោគពង្រឹងភាពសុខដុមរមនា ក្នុងសង្គម និងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕