ដោយសារស្ថានភាពទឹកជំនន់នាពេលថ្មីៗនេះ បានធូរស្រាលឡើងវិញ អ្នកភូមិម៉ាឡេស៊ីដែលរងគ្រោះ បាននាំគ្នាស្វែងរកសម្ភារៈ និងរបស់របរជាច្រើនដែលខូចខាត និងបាត់បង់ដោយសារទឹកជំនន់។ តែទន្ទឹមនេះផងដែរ លទ្ធផលនៃទឹកជំនន់ ក៏មានសត្វពាហនៈជាច្រើន ត្រូវបានគេប្រទះឃើញហែលក្នុងទឹកលិចផងដែរ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានការបង្ហោះនៅលើ Twitter ថា មានសត្វក្រពើមួយក្បាល កំពុងហែលក្នុងទឹកជន់លិច។ តែអ្វីដែលគួរឲ្យអស់សំណើចនោះ ក្រពើមួយក្បាលដែលគេបានប្រទះឃើញ ចុងក្រោយ ត្រូវបានគេទម្លាយថា ជាក្រពើជ័ររបស់នរណាម្នាក់ប៉ុណ្ណោះ!។ ហើយជាក់ស្តែង នៅពេលអ្នកភូមិ ចុះទៅពិនិត្យ ពួកគេបានរកឃើញថា វាមិនមែនសត្វក្រពើពិតនោះទេ។
ជាមួយករណីលេងសើច (Prank) បែបនេះ ស្រ្តីអ្នកនយោបាយម្នាក់ ឈ្មោះ Young Shefura ក៏បានចែករំលែកបទពិសោធន៍ថា នៅពេលក្រុមការងាររបស់គាត់ ចុះទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីគេប្រាប់ថា មានសត្វក្រពើមួយក្បាលត្រូវបានប្រទះឃើញនៅខាងក្រោយអគារមួយ ប៉ុន្តែ អ្នកស្រី និងក្រុមការងារ ពិតជាមានការហួសចិត្តជាខ្លាំង នៅពេលរកឃើញថា វាគឺជាក្រពើជ័រ ដែលគេដាក់នៅទីនោះប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


