ភ្នំពេញ ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានតាក់តែងសេចក្តីព្រាងក្រមសីលធម៌តំណាងរាស្ត្រមួយឡើងនៅពេលនេះ ដែលបានបង្ហាញថា នៅក្នុងពេលឆាប់ៗនេះ រដ្ឋសភាកម្ពុជានឹងអាចមានក្រមសីលធម៌តំណាងរាស្ត្រ ប្រសិនជាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចនោះ។ តែមុននឹង បញ្ជូនសេចក្តីព្រាងក្រមសីលធម៌នេះ ទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សេចក្តីព្រាងក្រមសីលធម៌តំណាងរាស្ត្រនេះ បានដាក់ឲ្យពិគ្រោះ យោបល់ជាលក្ខណៈអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។
វេទិកាប្រជុំពិគ្រោះយោបល់ ស្តីពី”ក្រមសីលធម៌តំណាងរាស្ត្រ” បានរៀបចំឡើងដោយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាកម្ពុជា សហការ ជាមួយសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ និងមជ្ឈមណ្ឌលសម្រាប់ការសន្ទនាមនុស្សធម៌ ដោយមានសមាជិករដ្ឋសភា ព្រឹទ្ធសភា អ្នកច្បាប់ជាតិអន្តរជាតិជាច្រើនបានចូលរួម។
ក្រមសីលធម៌តំណាងរាស្ត្រជាវិធានឬបទដ្ឋានមួយ ដែលនឹងជំរុញប្រសិទ្ធភាព តួនាទីតំណាងរាស្ត្រ ហើយជាយន្តការមួយដែលការពារសេចក្តីថ្លៃថ្នូរ សីលធម៌ របស់តំណាងរាស្ត្រផងដែរ។ មានសភាប្រទេសជាច្រើន បានតាក់តែងក្រមសីលធម៌តំណាងរាស្ត្រនេះឡើងរហូតមកដល់ពេលនេះ។
មានប្រសាសន៍នៅក្នុងពីធីបើកកិច្ចប្រជុំពិគ្រោះយោបល់នេះ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋសភាកម្ពុជាបានដំណើរការជិត៥នីតិកាលមកហើយ អស់រយៈពេលជិត២៥ឆ្នាំកន្លងមកនេះ រដ្ឋសភា កម្ពុជាបានខិតខំបំពេញតួនាទីរបស់ខ្លួនដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង និងច្បាប់ជាធរមាន។
លោកបន្តថា ទោះបីមានរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ និងច្បាប់ពាក់ព័ន្ធមានជាធរមានក៏ដោយ ក៏ក្នុង ក្របខ័ណ្ឌនៃការប្រតិបត្តិសិទ្ធិសេរីភាព និងការបំពេញតួនាទី និងភារកិច្ចក្នុងនីតិកាលរបស់ខ្លួន តំណាងរាស្ត្រត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ស្អាតស្អំ មនសិការ និងកិត្តិយស ដើម្បីលើកកម្ពស់ទំនុកចិត្ត គណនេយ្យភាព និងការជឿជាក់លើសមាជិករដ្ឋសភា និងរដ្ឋសភាដែលជាអង្គការកំពូលរបស់ ប្រទេសជាតិ។
លោកប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានគូសបញ្ជាក់បន្តថា ដើម្បីលើកកម្ពស់ និងជំរុញប្រសិទ្ធិភាពរបស់រដ្ឋសភាបន្ថែមទៀត គណៈកម្មការ និងដៃគូរមួយចំនួន បានតាក់តែងសេចក្តីព្រាងក្រមសីលធម៌តំណាងរាស្ត្រ ដែលបានដាក់ឲ្យមានការពិគ្រោះយោបល់នាពេលនេះ ហើយអ្នកជំនាញច្បាប់ជាតិនិងអន្តរជាតិ ពិសេសវាគ្មិនមកពីប្រទេសឥណ្ឌូនេស៊ី និងថៃ នឹងចែករំលែកបទពិសោធន៍របស់គេ ដើម្បីកែលម្អរសេចក្តី ព្រាងក្រមសីលធម៌តំណាងរាស្ត្រនេះឲ្យកាន់តែល្អឡើង។
លោកស្រី Theerada Suphaphong តំណាងមជ្ឈមណ្ឌលសម្រាប់ការសន្ទនាផ្នែកមនុស្សធម៌ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំពិគ្រោះយោលប់នេះ បានគូសបញ្ជាក់ថា ក្រមសីលធម៌តំណាងរាស្ត្រ គឺជាយន្តការមួយដែលនិងជំរុញប្រសិទ្ធភាពសភា ធ្វើឲ្យមានសុខដុមរមនាក្នុងសង្គម។
ចំណែក លោក Jonhson K Rajagukguk ប្រធានទីភ្នាក់ងារឯកទេសនៃរដ្ឋសភាឥណ្ឌូនេស៊ី បានលើកឡើងថា សភាប្រទេសឥណ្ឌូនេស៊ី បានបង្កើត ក្រមសីលធម៌តំណាងរាស្ត្រនៅឆ្នាំ២០០៤។ ក្រមសីលធម៌នេះ បង្កើតឡើងក្នុងទិសដៅធ្វើឲ្យមានតម្លាភាព និងលើកកម្ពស់អំណាចរបស់សភា និងជំរុញ ឲ្យសមាជិករដ្ឋសភាគិតផលប្រយោជន៍ប្រទេសជាតិជាធំ។
បើតាមវាគ្មិនរូបនេះ តាមរយៈក្រមសីលធម៌តំណាងរាស្ត្រនេះ សភាប្រទេសឥណ្ឌូនេស៊ី បានបណ្តេញសមាជិករដ្ឋសភាមួយចំនួនចេញពីតួនាទី នៅពេលបានប្រព្រឹត្តផ្ទុយពីក្រមសីលធម៌នេះ។ ដោយឡែកនៅក្នុងសភាប្រទេសថៃ ដែលមានក្រមសីលធម៌តំណាងរាស្ត្រនេះដែរ វាគ្មិនមកពីប្រទេស ថៃ បានលើកឡើងថា ក្រមសីលធម៌តំណាងរាស្ត្រនៅប្រទេសនេះ បង្កើតឡើងជាដំបូងក្នុងគោលបំណងប្រយុទ្ធប្រឆាំងអំពើពុករលួយ ប៉ុន្តែក្រោយមក បានក្លាយជាយន្តការមួយក្នុងការលើកកម្ពស់ឥរិយាបថ អាកប្បកិរិយា ក្នុងការបំពេញតួនាទីរបស់សមាជិករដ្ឋសភា។ នេះបើតាមការលើកឡើងរបស់ លោកសាស្ត្រាចារ្យ Poom Moolsipa ទីប្រឹក្សាអនុប្រធានទី១ នៃសភានីតិប្បញ្ញត្តិប្រទេសថៃ។
លោក ឈាង វុន សមាជិករដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា បានគាំទ្រទៅលើគំនិតផ្តួចផ្តើម ក្នុងការតាក់តែងសេចក្តីព្រាងក្រមសីលធម៌តំណាងរាស្ត្រនេះឡើង ប៉ុន្តែលោក បានស្នើសូមឲ្យវាគ្មិន និងអ្នកចូលរួមទាំងអស់ ពិនិត្យសិក្សាលើច្បាប់ និងបទដ្ឋាននានា ដែលកម្ពុជា ឬរដ្ឋសភាកម្ពុជា មានរួចមកហើយនោះ ដូចជា រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ឬច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រជាដើមនោះ។
លោក ប៉ែន បញ្ញា បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះមតិលើកឡើងនៅក្នុងកិច្ចពិគ្រោះយោបល់នេះ ហើយបានអះអាងថា ការលើក ឡើងទាំងឡាយ គឺជាធាតុផ្សំដែលនឹងធ្វើសេចក្តីព្រាងក្រមសីលធម៌តំណាងរាស្ត្រនេះ កាន់តែល្អប្រសើរឡើង។
សូមជម្រាបថា សេចក្តីព្រាងក្រមសីលធម៌តំណាងរាស្ត្រ ដែលតាក់តែងដោយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភានេះ មាន២ប្រការ ចែកចេញ ជា៩ចំណុច។ នៅក្នុងចំណុចទី១ ក្នុងចំណោម៩ចំណុចនេះ បាននិយាយថា តំណាងរាស្ត្រត្រូវមានឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ ផ្អែកលើ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងគោរពច្បាប់ដោយម៉ឺងម៉ាត់ ជាដើម។
សេចក្តីព្រាងក្រមសីលធម៌តំណាងរាស្ត្រនេះ អាចក្លាយជាក្រមសីលធម៌ផ្លូវការមួយបាន ដែលដាក់អោយអនុវត្តនោះ លុះត្រាតែមានការសម្រេចពី គណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភា៕ ដោយ៖បញ្ញាស័ក្តិ