ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនបានចុះឆែកឆេរ និងបិទទីតាំងផ្ទះបនមួយកន្លែងឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅផ្ទះលេខ៧២Eo ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
ប្រតិបត្តិការចុះបិទ ទីតាំងខាងលើនេះ គឺមានការចូលរួមពីលោកវរសេនីយ៍ទោ តាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន លោកវរសេនីយឯក ធាន វុធ នាយកការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងប្រទេស និងមានការដឹកនាំដោយ លោក កុល បុន ព្រះរាជអាជ្ញារង នៃអយក្យការអមសាលាដំបូង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់មានឈ្មោះ៖ ទី១-ង្វៀង ហ៊ីអ៊ិក ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម, ទី២-ង្វៀង មែន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម និងទី៣-ង្វៀង ធូវេ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ។ រីឯជនរងគ្រោះឈ្មោះ ង្វៀង ត្រាវ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះ ង្វៀង ធីលីង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ។
សមត្ថកិច្ចបន្តថា វត្ថុតាងដែលរឹបអូសបានរួមមាន៖ ក្នុងបន្ទប់លេខ១ ស្រោមមិនទាន់ប្រើចំនួន ១២, បន្ទប់លេខ២ ស្រោមមិនទាន់ប្រើចំនួន១ និងប្រើរួចចំនួន ១, បន្ទប់លេខ៣ ស្រោមមិនទាន់ប្រើចំនួន២, ក្នុងផ្ទះបាយ មានស្រោមប្រើរួចចំនួន ២, បន្ទប់ផ្ទាល់ដី មានសៀវភៅកត់ត្រា ៤ក្បាល ស្រោមមួយចំនួនធំ និងឧបករណ៍ប្រើប្រាស់ចំនួន ២ផងដែរ ។
ជនសង្ស័យ និងជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរបំភ្លឺ ៕ ដោយ៖បញ្ញាស័ក្តិ