Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា បានបញ្ចេញប្រាក់ ៥០០លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅឆ្នាំ២០២១

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញថវិកាប្រមាណ ៥០០លានដុល្លារ ដើម្បីរក្សាស្ថិរភាពប្រាក់រៀលក្នុងទីផ្សារ នោឆ្នាំ២០២១ ដែលជាការចូលរួមចំណែការពារអំណាចទិញរបស់ប្រជាជន។

របាយការណ៍ស្ដីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២​ បាន​ឱ្យដឹងថា​​​ ការបញ្ចេញប្រាក់ដុល្លារនេះ បានជួយរក្សាអត្រាប្តូរប្រាក់ទីផ្សារឲ្យមានស្ថិរភាព ក្នុងរង្វង់ ៤០៩៩រៀលក្នុងមួយដុល្លារ ដែលបានថយថ្លៃប្រមាណ១% បើធៀបនឹងឆ្នាំ២០១៩។

របាយការណ៍​នេះបានឱ្យដឹងទៀតថា ការបង្កើនចំណាយសាធារណៈ គួបផ្សំនឹងការថយចុះតម្រូវការប្រាក់រៀល បានដាក់សម្ពាធលើប្រាក់រៀលឱ្យថយថ្លៃ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជា មានកម្រិតដុល្លារូបនីយកម្មខ្ពស់។ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលរួមចំណែកការពារអំណាចទិញរបស់ប្រជាជន ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ស្រូបយកប្រាក់រៀលពីទីផ្សារជាបន្តបន្ទាប់ ប្រមាណជាង៥០០លានដុល្លារអាមេរិក និងបានរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យ មានស្ថិរភាពក្នុងរង្វង់៤ ០៩៩រៀល ក្នុងមួយដុល្លារ ដោយបានថយថ្លៃប្រមាណ១% ធៀបនឹងឆ្នាំ២០១៩។

បើតាមរបាយការណ៍របស់ធនាគារជាតិ ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងបរិមាណសាច់ប្រាក់ ក្នុងសេដ្ឋកិច្ចសមស្រប បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណាមានកម្រិតទាប ២,៩%។ អតិផរណានៅឆ្នាំ២០២១ រួមចំណែកដោយការងើបឡើងវិញនៃថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ខណៈដែលថ្លៃម្ហូបអាហារ និងអតិផរណាស្នូលបានថយល្បឿនមកវិញ។

សូមជម្រាបជូនផងដែរថា អតិផរណារួមសម្រាប់ឆ្នាំ២០២២ ត្រូវបានធនាគារជាតិនៃកម្ពុជាព្យាករថា នឹងមានអត្រា២.៦ភាគរយ ដោយសារកំណើនទាប នៃក្រុមម្ហូបអាហារ ដែលជំរុញដោយភាពប្រសើរឡើងនៃការផ្គត់ផ្គង់ និងការថមថយកំណើនថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ហើយអត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាព ក្នុងរង្វង់ ៤០៧៥រៀលក្នុងមួយដុល្លារអាមេរិក៕

×