កែប៖ កំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចការសាងសង់ជាស្ថាពររួចរាល់ ១០០% ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាដើមខែកុម្ភៈ ឆ្នាំ ២០២២ នេះ ដោយគេរំពឹងខ្ពស់ថា កំពង់ផែមួយនេះអាចនឹងបង្កើនលំហូរអ្នកទេសចរ ទៅកាន់បណ្តាកោះក្នុងខេត្តកែបកាន់តែច្រើនឡើង ក្រោយពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដំណើរការសាងសង់ អស់រយៈពេល ២ឆ្នាំគត់មកនេះ។
អ្នកជំនាញវិស្វករសាងសង់គម្រោងកំពង់ផែកោះទន្សាយនេះ លោក លីប ជាងបានឲ្យដឹងថា ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍ (កោះទន្សាយ) នេះ យើងបានសាងសង់ផ្លូវបេតុងសរសៃដែក អគារលក់សំបុត្រព្រមទាំងរង់ចាំ ហើយបន្ថែមពីនោះ មានស្ពានចូលផែ តួផែដែលមានរាងស្នូកក្តាម និងដៃផែចំនួន៤ មានតូច២ ធំ២។ ហើយទីតាំងផែដែលទើបសាងសង់រួចនេះ ស្ថិតនៅកំពង់ផែចាស់ (កោះទន្សាយ) ក្រុងកែប ខេត្តកែប ដែលយើងបានប្រើរយៈពេលសាងសង់ ២៤ខែ ដោយគិតចាប់ពីថ្ងៃបើកការ ដ្ឋានថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
កំពង់ផែទេសចរណ៍ កោះទន្សាយនេះ ចំណាយថវិការក្នុងការសាងសង់ប្រមាណជិត ៥ពាន់លានរៀល ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូប ក្តាម ចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជាង ៤ពាន់ម៉ែត្រការ៉េ (៤៦៦១,៥០ម៉ែត្រការ៉េ)។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ សម្រាប់ត្រៀមបម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាពអាចទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម ៣០០នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបាន មិនលើសពី ១៥តោននោះទេ ហើយនេះគឺជាការពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ដែលផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត៕