Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងធនធានទឹក និង ឧតុនិយម (MOWRAM) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេស ជប៉ុន (JICA)លើ គម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្ត

នាព្រឹកថ្ងៃទី​៥ ខែមករា ឆ្នាំ ២០២២​ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម​ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីដំណើរការជាផ្លូវការនូវ​គម្រោង សហប្រតិបត្តិការបច្ចេកទេស លើការរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្ត ក្រោមអធិបតីភាព ឯ.ឧ ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯ.ឧ លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម និង លោកស្រី កាមេ ហារុកូ ប្រធានតំណាងការិយាល័យ​ JICA ប្រចាំប្រទេសកម្ពុជា។

គម្រោងនេះនឹងចាប់ផ្តើមដំណើរការអនុវត្តសកម្មភាពនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២២​ ខាងមុខនេះ។ទន្ទឹមនឹងសមិទ្ធិផលដែលសម្រេចបានគួរឲ្យកត់សម្គាល់នាឆ្នាំកន្លងមក ដែលបានគាំទ្រដល់ការបង្កើនផលិត​ ភាព​កសិកម្ម តាមរយៈការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្រ្តក៏ដោយ ក៏ស្ថេរភាពក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់​ សម្រាប់​​ការ​ស្រោចស្រពនូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពកសិកម្ម។

លើសពីនេះ តម្រូវការដើម្បីធានាបាននូវស្ថេរភាព និងទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រពមានការកើនឡើងខ្លាំងនៅពេលដែលវិស័យកសិកម្មគឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅបណ្តាប្រទេសជាច្រើនក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។

ការធ្វើទំនើបកម្មកសិកម្ម ចាំបាច់ត្រូវលើកកម្ពស់ ដែលក្នុងនោះប្រព័ន្ធធារាសាស្រ្តក៏នៅតែដើរតួរយ៉ាងសំខាន់ ក្នុងការធានាស្ថេរភាព និងប្រសិទ្ធិភាពទឹកសម្រាប់ការស្រោចស្រព។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍លើវិស័យធនធានទឹក និង ឧត្តុនិយម ២០១៩ – ២០២៣ បានកំណត់អាទិភាពលើការបង្កើនសមត្ថភាពនៃប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ និង ពង្រីកផ្ទៃដីស្រោចស្រពរហូតដល់ ១.៩៥២ ពាន់ ហិចតា នៅឆ្នាំ ២០២៣។

ទោះជាយ៉ាងណាក្តី ស្តង់ដាជាតិសម្រាប់ប្រព័ន្ធធារាសាស្រ្ត នៅមិនទាន់បានរៀបចំនៅឡើយ ហើយសមត្ថភាពរបស់មន្រ្តីក្រសួង និង មន្ទីរធនធានទឹក​ និង ឧតុនិយម ក៏ទាមទារឲ្យមានការអភិវឌ្ឍន៍ដើ ម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាព នូវផែនការសកម្មភាពដោយរក្សាបាននូវគុណភាព និងសមស្របតាមទំហំថវិការវិនិយោគ។

ក្នុងបរិបទនេះ គម្រោងនឹងរៀបចំស្តង់ដាសម្រាប់សំណង់ធំៗចំនួន ២ ប្រភេទ គឺ សំណង់ក្បាលហុងទឹក និង ប្រព័ន្ធប្រឡាយ ក៏ដូចជាសំណង់សិល្បៈកានានា ដោយយោងតាមលក្ខណវិនិច្ឆ័យរបស់ប្រទេសជប៉ុន។ លក្ខណវិនិច្ឆ័យស្តង់ដា និង សៀវភៅណែនាំស្តង់ដា នឹងរៀបចំឡើងសម្រាប់គោលបំណងទូទៅពាក់ព័ន្ធនឹងការធ្វើផែនការ និង​ការងាររចនាប្លង់ សម្រាប់ប្រព័ន្ធធារាសាស្រ្តខ្នាត តូច ធម្យម និង ធំ។

ឯកសារស្តង់ដានេះ នឹងរួមចំណែកដល់ការកសាង ក៏ដូចជាការពង្រឹងសមត្ថភាពមន្រ្តី ក្រសួង និង មន្ទីរធនធានទឹក និង ឧតុនិយម តាមរយៈ (១) សន្សំសំចៃសំភារៈសំណង់ (២) កាត់បន្ថយការចំណាយលើការរចនាប្លង់ (៣) ធានាលក្ខណៈស្របគ្នានៃការរចនាប្លង់ទៅនឹងប្លង់នៃគម្រោងផ្សេងទៀត (៤) មានលក្ខណៈជាសនិទានកម្មលើការងារសាងសង់ (៥) គាំពារ លក្ខណៈជាសកល និង ការធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យា (៦)​ ធ្វើការងារដោយអ្នកសាងសង់ និង វិស្វករក្នុងស្រុក (៧) កសាងផែនការថវិកា និង លទ្ធកម្ម​ សម្រាប់ស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក។ល៕

×