តាកែវ ៖ ជនសង្ស័យម្នាក់ដែលជាមន្ត្រីប៉ូលីសពន្ធធនាគារខេត្តត្រូវបាននគរបាលក្រុងដូនកែវឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃនៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តតាកែវកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២២និង៣០នាទី។
លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថា ខណៈដែលជនរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទនៅលើបង់ថ្មក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តតាកែវ ជនសង្ស័យក៏បានចូលមកឆក់ទូរ សព្ទ័ពីជនរងគ្រោះតែមិនបានសម្រេចព្រោះ ត្រូវបានប្រជាពលរដ្ឋដេញចាប់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។ជនសង្ស័យមានឈ្មោះ ប៊ិ ហ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាសឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមន្ត្រីពន្ធធនាគារខេត្ត បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ម៉ាកសាំសុងណូត២ ដែលមានម្ចាស់ឈ្មោះ អ៊ឹម ទ្រី ភេទស្រី អាយុ៦០ ឆ្នាំ រស់នៅភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមផ្លូវច្បាប់ ។
គួររំលឹកថា កន្លងមកក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវតែងតែមានក្រុមចោរចូលធ្វើសកម្មភាពលួចសម្ភារៈរបស់របរអ្នកដែលមកទទួលសេវាព្យាបាលជម្ងឺ ហើយមានពេលខ្លះបានកើតមានករណីឆក់ទូរស័ព្ទឆៅៗតែម្តង នៅក្នុងមន្ទីរពេទ្យនេះទៀតផង ជាក់ស្តែងដូចជាក្នុងករណីនេះជាដើម៕ តាកែវ