ភ្នំពេញ៖ សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយស និងលោក លឹម តុង ប្រធានសមាគមក្នុងអណត្តិ បានដឹកនាំគណៈប្រតិភូរបស់សមាគមចូលជួបសម្តែងការគួរសម ណែនាំខ្លួន និងស្នើសុំការគាំទ្រពីក្រសួង ព្រមទាំងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ពាក់ព័ន្ធនឹងដំណើរការសកម្មភាពការងាររបស់ សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ នៅទីស្តីការក្រសួងការងារ។
លោក លឹម តុង ប្រធានសមាគម បានឱ្យដឹងថា សមាគមបានបង្កើតឡើងក្នុងឆ្នាំ២០១៩ តែដោយសារតែមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើអោយសមាគមទើបមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២១នេះ។ លោកបានធ្វើការស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ដោយអនុញ្ញាតឲ្យមានអ្នកតំណាងរបស់សមាគម មានវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំ សិក្ខាសាលា និងវេទិការនានារបស់រដ្ឋាភិបាល ដើម្បីសមាគមអាចមានលទ្ធភាពធ្វើការផ្សព្វផ្សាយបន្តទៅកាន់សមាជិកទាន់ពេលវេលា និងអាចបង្កើនទំនុកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេស មកដាក់ទុនវិនិយោគ បង្កើតរោងចក្រ ដើម្បីផ្តល់ការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ទន្ទឹមនឹងនេះ សមាគមមានបំណងសហការជាមួយក្រសួងឲ្យបានល្អប្រសើរជាងនេះទៀត ដោយរៀបចំឲ្យមានជាកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងពេលណាមួយ។ មួយវិញទៀត រោងចក្រមួយចំនួនដែលជាសមាជិករបស់សមាគមនាពេលបច្ចុប្បន្ននេះ កំពុងតែខ្វះកម្លាំងពលកម្មដើម្បីបំរើការងារនៅក្នុងផ្នែកផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនេះផងដែរ ដូច្នេះសមាគមចង់សហការបន្ថែមជាមួយក្រសួងដើម្បីជ្រើសរើសកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងច្រវ៉ាក់ផលិតកម្មរបស់រោងចក្រ។
ឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ បានបញ្ជាក់ថា សមាគមមានដំណើរការកកើតឡើងមកដល់បច្ចុប្បន្ននេះ ក៏មានការចូលរួមជួយជ្រោមជ្រែងយ៉ាងធំធេងពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងរីករាយដែលបានទទួលជួបខាងសមាគម ដែលនេះជាយន្តការថ្មីមួយដែលបានកើតឡើង ស្របតាមដំណើរការរីកចម្រើននៃអាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង គាំទ្រចំពោះការស្នើសុំរបស់លោកប្រធានសមាគមដែលឲ្យមានជាកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួង និងក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំនានារបស់តំណាងសមាគម ដែលរៀបចំឡើងដោយក្រសួង ។
ឯកឧត្តម បានលើកឡើងថា ការបង្កើតសមាគម វាជាយន្តការមួយក្នុងការ ចូលរួមជាមួយអ្នកវិនិយោគ និងវេទិការបស់រាជរដ្ឋាភិបាល និងក៏ជាការចូលរួមចំណែកលើការសម្របសម្រួលក្នុងក្របខណ្ឌត្រីភាគី អនុវត្តតាមបទដ្ឋានការងារ, កាតព្វកិច្ចរបស់រោងចក្រ, អត្ថប្រយោជន៍របស់កម្មករ និងការដោះស្រាយវិវាទការងារជាដើម។
ចំពោះបញ្ហាប្រឈមកង្វះកម្លាំងពលកម្មរបស់រោងចក្រមួយចំនួនរបស់សមាគម ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសមាគម សហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងរើសកម្លាំងពលកម្ម ផ្គត់ផ្គង់កម្លាំងពលកម្មមកដល់រោងចក្រទាំងនោះ។ សម្រាប់កម្លាំងពលកម្មជំនាញវិញ ខាងសមាគមអាចទាក់ទងផ្ទាល់តាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទរបស់ក្រសួងបានគ្រប់ពេលដើម្បីរើសជំនាញតាមអ្វីដែលជាតម្រូវការ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើអោយកំណត់ពេលជាទៀងទាត់ណាមួយ ដើម្បីជួបពិភាក្សាការងារជាមួយសមាគម តែបើខាងសមាគមមានបញ្ហាប្រឈមអ្វីមួយចង់ឲ្យក្រសួងជួយដោះស្រាយ អាចធ្វើការទំនាក់ទំនង ឬមកកាន់ក្រសួងដោយផ្ទាល់ក៏បានដើម្បីក្រសួងធ្វើការដោះស្រាយ និងសម្របសម្រួលជូន៕