រដ្ឋធានីវីយ៉ែន ៖ រហូតមកដល់ពេលនេះ ការចរចាឈានដល់កិច្ចព្រមព្រៀង ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរ កំពុងតែដំណើរការ នៅក្នុងទីក្រុងវីយ៉ែន (Vienna) ប្រទេសអូទ្រីស ហើយប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ សង្ឃឹមនឹងទទួលបានផ្លែផ្កា ដោយផ្ដោតយ៉ាងសំខាន់បំផុត ទៅលើការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសរបស់ខ្លួន។

លោក Hossein Amir-Abdollahian រដ្ឋមន្រ្ដីក្រសួងការបរទេស បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ថា កិច្ចព្រមព្រៀង ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរនេះ នឹងអាចសម្រេចទៅបាន ប្រសិនបើទណ្ឌកម្មទាំងអស់ ត្រូវបានដកចេញ ពីការហ៊ុមព័ទ្ធមកលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
លោក Ali Bagheri Kani ប្រមុខក្រុមអ្នកចរចា បានធ្វើការលើកឡើង មុនពេលចូលទៅកាន់សណ្ឋាគារ ផាឡេស ខូបឺហ្គ (Palais Coburg) ជាទីដែលកិច្ចចរចា ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ហៅកាត់«JCPOA»កំពុងតែប្រព្រឹត្តទៅ ថា កិច្ចចរចានេះបានផ្តោតយ៉ាងសំខាន់ទៅលើការដកទណ្ឌកម្មរបស់អាមេរិក ដែលបានដាក់មកលើអ៊ីរ៉ង់ ហើយលោកសង្ឃឹមថា កិច្ចចរចាហាក់មានលក្ខណៈវិជ្ជមាន និងបោះជំហានទៅមុខ។
បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា លោក Hossein Amir-Abdollahian រដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា កិច្ចព្រមព្រៀង ស្ដីពីអាវុធមហាប្រល័យលោកជាមួយនឹងប្រទេសមហាអំណាចពិភពលោក អាចសម្រេចទៅបាន ប្រសិនបើភាគីលោកខាងលិច មានសុច្ឆន្ទៈ និង ចេតនាធ្វើដូច្នេះ។

ប្រមុខដឹកនាំក្រុមអ្នកចរចាអ៊ីរ៉ង់រូបនេះ បានបន្ថែមថា ការដកទណ្ឌកម្មដ៏មានប្រសិទ្ធភាព ដែលសហរដ្ឋអាមេរិកបានដាក់មកលើអ៊ីរ៉ង់ ក៏ជាកូនសោគន្លឹះ សម្រាប់ឆ្ពោះទៅរកការសម្រេចបាននូវការព្រមព្រៀងគ្នាមួយ ប្រសិនបើគ្រប់ភាគីបង្ហាញពីសុច្ឆន្ទៈប្រាកដប្រជា ក្នុងការដកទណ្ឌកម្មនោះ កិច្ចព្រមព្រៀងស្ដីពីកម្មវិធីអាវុធមហាប្រល័យលោករបស់អ៊ីរ៉ង់ នឹងពិតជាអាចសម្រេចបានយ៉ាងឆាប់រហ័សបំផុតផងដែរ។
ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ចំនួន៥ របស់ JCPOA រួមមាន ប្រទេសចិន រុស្ស៉ី ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបើកកិច្ចចរចាប៉ុន្មានលើករួចមកហើយ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដើម្បីព្យាយាមស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះឡើងវិញ ក្រោយពេលសហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចចិត្ត ដកខ្លួនចេញពីកិច្ចព្រមព្រៀងកម្មវិធីអាវុធនុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក នឹងមិនចូលរួមដោយផ្ទាល់ នៅក្នុងកិច្ចចរចា ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះឡើយ។រក្សាសិទ្ធិដោយ ៖ សារាយSN


















