Thursday, March 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ជួបប្រជុំចង្អៀតជាមួយនាយឧត្តមសេនីយ៍ មីង អោងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន

មីយ៉ាន់ម៉ា ៖ នៅល្ងាចថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំចង្អៀតជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មីន អោងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានចាប់ខ្លួនលោកស្រី អង់ សាន ស៊ូជី កាលពីដើមឆ្នាំ២០២១។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងត្រូវអមដំណើរដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។

បើទោះបីក្រសួងការបរទេសកម្ពុជា មិនបានលើកលំអិតពីរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោយ៉ាងណាក្តី។ តែបើតាមការបញ្ជាក់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ារបស់សម្តេចនាពេលនេះ សម្តេចចូលរួមវិភាគទានដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ា វិលមករកវេទិការបស់អាស៊ានឡើងវិញ បន្ទាប់ពីប្រទេសត្រូវបានអវត្តមានក្នុងវេទិកាអាស៊ាននាឆ្នាំកន្លងទៅ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានអះអាងរួចហើយថា ការដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា គឺត្រូវឈរលើគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេចកាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូលពិសេសនៅឥណ្ឌូនេស៊ីស្តីពីបញ្ហារបស់មីយ៉ាន់ម៉ា។ គោលការណ៍រួមទាំង៥នោះរួមមាន៖ ទី១. បិទបញ្ចប់អំពើហិង្សា, ទី២. រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ, ទី៣. បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងមីយ៉ាន់ម៉ា, ទី៤. តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥. អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងការចាប់អារម្មណ៍ និងតាមដានយ៉ាងយកចិត្តទុកដាក់ ពីបណ្តាញផ្សព្វផ្សាយ និងមេដឹកនាំប្រទេសនានាក្នុងតំបន់ និងលើពិភពលោក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×