Thursday, March 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល តំណាងគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងអង្គការជាតិ អន្តរជាតិ តំណាងវិស័យឯកជន ព្រមទាំងសមាជិក សមាជិកា និងភាគីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុង «ពិធីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាននៅកម្ពុជា» នាពេលនេះ និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច តំណាងក្រសួងស្ថាប័ន ក្រុមការងារបច្ចេកទេស និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ជាពិសេសធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាដៃគូដ៏សំខាន់របស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋានរហូតទទួលបានការឯកភាពពីរាជរដ្ឋាភិបាល និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលនេះ។ អនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន ជាសមិទ្ធផលថ្មីមួយទៀតក្រោមការខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដែលឆ្លុះបញ្ចាំងពីការប្រែក្លាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ផ្ទាល់ដល់កុមារតូច ដែលនឹងក្លាយខ្លួនជាអ្នកបន្តវេនដ៏មានសក្តានុពលរបស់ប្រទេសជាតិយើង។

ក្នុងបរិបទនេះ ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។ ជាក់ស្តែង ការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា កុមារដែលបានទទួលសេវាថែទាំគាំពារប្រកបដោយវិជ្ជមាន និងឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា តែងតែបានចូលរៀននៅសាលាបឋមសិក្សាដោយជោគជ័យ ដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។ ការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញផងដែរថា ជំនាញដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំដំបូងដល់កុមារនៅវ័យជាទារក និងវ័យចូលមត្តេយ្យសិក្សា គឺជាកត្តាកំណត់នូវភាពជោគជ័យ ឬបរាជ័យក្នុងការសិក្សានៅសាលារៀន និងការសិក្សានៅកម្រិតបន្តបន្ទាប់។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទ្ទេសក៍ដឹកនាំ បានឯកភាពដាក់ចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន ដែលមានវិសាលភាពអនុវត្តចំពោះទារកដ្ឋានសហគមន៍ ទារកដ្ឋានសហគ្រាស និងទារកដ្ឋានឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា។ ការផ្តល់សេវាទារកដ្ឋានក្នុងយុគសម័យទំនើបនេះ មិនមែនគ្រាន់តែជាការមើលថែទាំកុមារតូចធម្មតាប៉ុណ្ណោះទេ ថែមទាំងជាប្រព័ន្ធផ្តល់សេវាអប់រំក្នុងដំណាក់កាលដំបូងនៃជីវិត ដែលរួមបញ្ចូលនូវបំណិនគ្រប់ជ្រុងជ្រោយតាមរយៈសកម្មភាព៖
-ការរៀនតាមរយៈការលេង ដែលផ្តល់ឱកាសកុមារបានរៀនសូត្រទាន់ពេលវេលា
-ការអប់រំសង្គម និងអារម្មណ៍ (SEL)
-ការថែទាំប្រកបដោយការឆ្លើយតប (Responsive Caregiving)
-ផ្តល់សេវាដោយយកចិត្តទុកដាក់លើសុវត្ថិភាព និងសន្តិសុខដល់កុមារ
-យកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព អាហារូបត្ថម្ភ និងអនាម័យ

ឆ្លើយតបនឹងតម្រូវការប្រកបដោយវិជ្ជមានរបស់កុមារ យើងត្រូវរួមគ្នាបែបពហុវិស័យផ្លាស់ប្តូរផ្នត់គំនិតមាតាបិតា រួមគ្នាវិនិយោគលើកុមារតូច តាមរយៈការបង្កើតទារកដ្ឋានសហគមន៍ ទារកដ្ឋានសហគ្រាស ទារកដ្ឋានឯកជន និងបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសត្រឹមត្រូវសម្រាប់គ្រប់គ្រង និងមើលថែទាំកុមារនៅតាមទារកដ្ឋានស្របតាមបទដ្ឋានបច្ចេកទេស។ បទដ្ឋានទាំងនោះរួមមាន ការផ្តល់អាហារប្រកបដោយអនាម័យនិងសុខភាព ផ្តល់កន្លែងគេង មានសម្ភារៈសម្រាប់កុមារលេង កន្លែងលេងក្នុងនិងក្រៅបន្ទប់ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចឱ្យមាតាបិតាមានឱកាសប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារប្រចាំថ្ងៃបានពេញលេញ បង្កើនជីវភាពរស់នៅក្នុងគ្រួសារកាន់តែល្អប្រសើរ។ ហេតុនេះ ការយកចិត្តទុកដាក់ផ្តល់សេវាទារកដ្ឋាន មិនមែនគ្រាន់តែជាកន្លែងមើលថែធម្មតានោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលកុមារឱ្យមានមូលដ្ឋានបំណិនរឹងមាំ មានទំនុកចិត្ត និងភាពធន ដែលអាចសម្របខ្លួនទៅនឹងបរិយាកាសសិក្សាថ្មីៗ និងអភិវឌ្ឍខ្លួនដោយឯករាជ្យ។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ។ ឯកឧត្តមជឿជាក់ថា ស្មារតីនៃកិច្ចសហការ និងការប្តេជ្ញាចិត្តខ្ពស់របស់ភាគីពាក់ព័ន្ធទាំងអស់ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យការអនុវត្ត «អនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន» ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបុព្វហេតុនៃការរីកចម្រើនរបស់កុមារគ្រប់រូបនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×