កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ១៥:០០ នាទី រសៀល នៅចំណុចភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណី ឃាតកម្ម បាញ់សម្លាប់ បណ្ដាលឱ្យស្ត្រី ០២នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង រួមមាន៖ ឈ្មោះ ប៊ុនណា សុគន្ធី ភេទ ស្រី អាយុ ៣៦ ឆ្នាំ ( ត្រូវជាប្រពន្ធជនសង្ស័យ ) និងឈ្មោះ នេត ដានី ភេទ ស្រី អាយុ ៣៥ ឆ្នាំ ( ត្រូវជាមិត្តភក្តិរបស់ប្រពន្ធជនសង្ស័យ ) ។
ក្រោយពីទទួលបានបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដាក់បទបញ្ជាឱ្យ កម្លាំងអន្តរាគមន៍បង្ការ-បង្ក្រាប កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ចៀក ថានិន ជានាយការិយាល័យ និង កម្លាំងអធិការដ្ឋាននគរបាលទាំង ១៤ក្រុង-ស្រុក ពួនស្ទាក់គ្រប់ច្រកល្ហក។
លុះដល់វេលាម៉ោងប្រហែល ១៦:៤០ នាទី ថ្ងៃដដែល លោក វរសេនីយ៍ទោ វេ គឹមចត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានរាយការណ៍មកថា៖ ជនសង្ស័យឈ្មោះ ឈុន ពៅ ហៅ អូន ភេទ ប្រុស អាយុ ៥១ ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានបើករថយន្តទៅដល់ស្រុកកំរៀង ឃើញសមត្ថកិច្ចដាក់ពង្រាយច្រើន និងដឹងថាគេចមិនរួច ក៏ចូលប្រគល់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំរៀងតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើអាវុធខ្លីបាញ់ប្រហារលើជនរងគ្រោះទាំង ០២នាក់ ដោយផ្ដើមចេញពីភ្លើងប្រចណ្ឌ និងកំហឹង (បាញ់មិត្តភក្តិប្រពន្ធមុន ដោយយល់ថានារីរងគ្រោះតែងតែបង្ខំឱ្យប្រពន្ធលែងលះ និងបំបែកបំបាក់គ្រួសារ បន្ទាប់មកបាញ់ប្រពន្ធខ្លួន) ហើយអាវុធខ្លីនេះ ជនសង្ស័យទិញពីប្រទេសថៃ ដោយគ្មានលិខិតស្នាមត្រឹមត្រូវនោះទេ ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ – អាវុធខ្លី ០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ បង់ ០២ និងគ្រាប់ ១៥គ្រាប់ ព្រមទាំងរថយន្ត ០១គ្រឿង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០២ ស្លាកលេខ ភ្នំពេញ 2K-4545។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់ ។ រក្សាសិទ្ធដោយ៖សុទ្ធលី











