Thursday, March 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន មេដឹកនាំយោធាមីយ៉ាន់ម៉ា សម្រេចពន្យារពេលបទឈប់បាញ់ និងអំពាវនាវភាគីពាក់ព័ន្ធ បញ្ឈប់ហិ.ង្សា

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសរបស់រវាងកម្ពុជា-មីយ៉ាន់ម៉ា បានឲ្យដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យទទួលអនុវត្តបទឈប់បា.ញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិ.ង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន។ ទន្ទឹមនឹងនេះ កម្ពុជា-មីយ៉ាន់ម៉ា ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។

សេចក្តីប្រកាសរួម ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន។

សេចក្តីប្រកាសបានបញ្ជាក់ថា ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បាន ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បា.ញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បា.ញ់គ្នាបន្ថែមទៀតរហូតដល់ចុងឆ្នាំ២០២២។ ឯកឧត្តម នាយឧត្តមសនីយ៍ជាន់ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បា.ញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិ.ង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។

នាយឧត្តមសេនីយ៍ មីន អោង ឡាំង ក៏បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ច ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានផងដែរ។

សេចក្តីប្រកាសរួមកម្ពុជា-មីយ៉ាន់ម៉ា បានបញ្ជាក់ទៀតថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជន ដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ ជាតិដើម្បីសម្របសម្រួលការផ្ដល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិដែលពាក់ព័ន្ធ។ ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រប ជាមួយនឹងការផ្តល់ជំនួយមនុស្សធម៌អោយមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការ រើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។

សេចក្តីប្រកាសរួមបានបញ្ជាក់ថា ឯកឧត្តមនាយឧត្តមសនីយ៍ ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។

ការយល់ព្រមអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា និងទទួលយកជំនួយរបស់មីយ៉ាន់ម៉ា រួមទាំងស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំង៥ចំណុចនេះរួមមាន៖

១) ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

២) ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

៣) ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

៤) អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

៥) ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×