ភ្នំពេញ៖ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករបានជាង ៥២៧លានដុល្លារ ដោយបានបាននាំចេញ ៦១៧ ០៦៩តោន ថយចុះចំនួន ៧៣ ៧៦០តោន ឬស្មើនឹង១០.៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។
ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន កាលពីពេលថ្មីៗនេះថា ដោយសារតែបញ្ហាដឹកជញ្ជូន និងកង្វះកុងតឺន័រ បានធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជា មានការថយចុះជាងឆ្នាំមុន តែយ៉ាងណាលោករំពឹងថា ក្រោយពេលការកំណត់យកពន្ធលើអង្ករនាំចូល ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែមករាខាងមុខនេះ ធ្វើឱ្យការនាំចេញអង្ករកម្ពុជាកើនឡើងវិញ នៅឆ្នាំ២០២២នេះ។
របាយការណ៍បន្តថា បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១៥៥ ៧៧៣តោន ថយចុះចំនួន ៤៨ ០១៨តោន ស្មើនឹង ២៣.៥៦% ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៣០៩ ៧០៩តោន កើនឡើងចំនួន២ម៉ឺនតោនស្មើនឹង៧% ទិសដៅអាស៊ានចំនួន ៧ប្រទេសមានបរិមាណ សរុបចំនួន ៦៣ ១៦៥តោន ថយចុះចំនួនជាងម៉ឺនតោមន២ ម៉ឺនតោន ឬស្មើនឹង២៧.៣១% និងទិសដៅដទៃទៀតចំនួន២៤ប្រទេស មានបរិមាណសរុប ៨៨ ៤២២តោន ថយចុះចំនួន ២ម៉ឺនតោន ស្មើនឹង ២០.១២% ។
ការនាំចេញអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤.១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤.១៦% និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១.៧១%។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៤៥៦ ២២៣តោន ស្មើនឹង៧៣.៩៤% និងក្រុមហ៊ុន៥២ដទៃទៀតបាននាំចេញត្រឹមតែ ១៦០ ៨៤៦តោន។
ដោយឡែកការនាំចេញស្រូវក្នុងឆ្នាំ២០២១នេះ មានចំនួន ៣ ៥២៧ ៤១៨ តោន ទៅកាន់ប្រទេសវៀតណាម ទទួលបានចំណូលជាង៦៣១ លានដុល្លារអាមេរិក ដែលមានការកើនឡើងចំនួន កើនឡើងជាង១លានតោន ដែលស្មើនឹង៦១.១៦% បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួនតែជាង២ លានតោន៕