ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា បញ្ហានៅមីយ៉ាន់ម៉ា មានរឿងស្មុគស្មាញច្រើនណាស់ ដែលយើងត្រូវព្យាយាមសម្របសម្រួល ដោះស្រាយដោយយកចិត្តទុកដាក់បំផុត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ ក្រោយត្រឡប់មកដល់កម្ពុជាវិញ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ និងជាប្រេសិតពិសេសអាស៊ាន បានអះអាងថា ការចូលរួមដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ប្រទេសកម្ពុជាគ្មានទទួលប្រយោជន៍អ្វីឡើយ តែជាទំនួលខុសត្រូវក្នុងនាមប្រធានអាស៊ាន និងមិនចង់ឃើញសោកនាដកម្មរបស់ប្រជាជនមីយ៉ាន់ម៉ា។

ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ប្រធានអាស៊ាន និងប្រេសិតពិសេសអាស៊ាន មិនអាចសម្រេចចិត្តណាមួយជំនួសឱ្យរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ានោះទេ។ ប្រធានអាស៊ាន និងប្រេសិតពិសេសអាស៊ាន គ្រាន់តែជួយសម្របសម្រួល តែការសម្រេចយ៉ាងម៉េចនោះ ជាការរឿងរបស់មីយ៉ាន់ម៉ា។
ប្រេសិតពិសេសអាស៊ាន បានលើកឡើងថា សម្រាប់បញ្ហារបស់ប្រទេសមីយ៉ាន់ម៉ា មិនមែនអាចដោះស្រាយបានតាមរយៈដំណើរទស្សនកិច្ចម្តង ឬពីរដង ឬ៣ដង ឬក៏រហូតដល់មួយអាណត្តិនោះទេ ចំពោះវិបត្តិនេះ គឺមិនអាចដោះស្រាយបានឆាប់ៗបានទេ ដូច្នេះ គឺត្រូវការពេលវេលាត្រូវការភាពអត់ធ្មត់ និងត្រូវការភាពជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា គឺប្រកាន់យកនូវអភិក្រមប្លែកបន្តិចពីប្រេសិតមុនៗ។ ប្រេសិតមុនខិតខំបំពេញភារកិច្ចរបស់ខ្លួនខ្លាំង ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ប៉ុន្តែត្រូវស្ទះ ដូច្នេះដើម្បីបញ្ចៀសការស្ទះដែលប្រេសិតពីមុនធ្លាប់អនុវត្ត ក្នុងនាមកម្ពុជា ប្រទេសកម្ពុជា ជាប្រធានអាស៊ាន ត្រូវប្រកាន់អភិក្រមផ្សេងដោយធ្វើការមួយជំហ៊ានម្តងៗ។ គ្រប់ធាតុផ្សំនៅមីយ៉ាន់ម៉ាទាំងអស់ វាអាចបង្កឱ្យផ្ទុះសង្គ្រាមស៊ីវិល គឺមាននៅលើតុអស់ ប៉ុន្តែ ធាតុផ្សំទាំងនោះវាមិនទាន់ក្លាយទៅជាឆ្នូនបង្កឱ្យកើតសង្គ្រាមស៊ីវិល ពេញទំហឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះទេ ប៉ុន្តែ វាមានហានិភ័យឆ្ពោះទៅគោលដៅហ្នឹង។ ត្រង់ចំណុចនេះ ប្រទេសកម្ពុជា បានខិតខំធ្វើយ៉ាងម៉េច ដើម្បីឃាត់កុំឱ្យវាដើរដល់ផ្លូវផ្ទុះសង្គ្រាមស៊ីវិល។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ទី១) ការផ្លាស់ប្តូរ អភិក្រម ការផ្លាស់ប្តូររបៀបធ្វើការរបៀបដែលយើងហក់ទៅជួយប្រទេសមីយ៉ាន់ម៉ា ហើយថាតើយើងបានចំណេញស្អី? ខ្ញុំគិតថាយើងអត់មានបានផលប្រយោជន៍នយោបាយ ផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍ភូមិសាស្ត្រនយោបាយវាអត់មាន ប៉ុន្តែ ហេតុអ្វីបានជាយើង ជួយកុំភ្លេចថាប្រទេសកម្ពុជា ធ្លាប់រងគ្រោះដោយសារសង្គ្រាមស៊ីវិលហើយ និងស្គាល់នូវសោកនាដកម្មជូរចត់នៃសង្គ្រាមស៊ីវិល និងលទ្ធផលនៃសង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់ជិត ៣ទសវត្សរ៍ឯណោះ ហើយទម្រាំឱ្យយើងងើបបានដូចសព្វថ្ងៃនេះវាយូរ អញ្ចឹងយើងចង់ឱ្យប្រជាជនមីយ៉ាន់ម៉ា ជៀសផុតពីសោកនាដកម្មដែលយើងធ្លាប់ស្គាល់នេះ។

២) ក្នុងនាមជាប្រធានអាស៊ាន យើងមានកាតព្វកិច្ច យើងមានការទទួលខុសត្រូវ ព្រោះសេចក្តីសម្រេចមានហើយ របស់មេដឹកនាំអាស៊ានទាំង១០ តែការទទួលខុសត្រូវក្នុងឋានៈជាប្រធាន ក្នុងឋានៈផងដែលជាសមាជិកគ្រួសារអាស៊ាន យើងចង់ជួយគ្រួសារអាស៊ានជាមួយគ្នា ហើយបើសិនប្រទេសមីយ៉ាន់ម៉ា ធ្លាក់នៅក្នុងវិបត្តិសង្គ្រាមស៊ីវិលដូចយើងកំពុងតែបារម្ភនេះមែនពិត វាមានឥទ្ធិពលអាក្រក់រហូតដល់តំបន់យើង អាក្រក់ដល់កេរ្តិ៍ឈ្មោះអាស៊ាន អាក្រក់រហូតដល់ការឯកភាពរបស់អាស៊ាន អញ្ចឹងយើងជួយមីយ៉ាន់ម៉ា ក៏ដូចជួយអាស៊ានអញ្ចឹង ក្នុងឋានៈជាប្រធានត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះកាតព្វកិច្ចរបស់ខ្លួនយើងជាប្រធានអាស៊ាននេះ»។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ប្រសិនបើយើងព័ត៌មានមួយចំនួន ដែលបានចុះផ្សាយពាក់ព័ន្ធ នឹងការធ្វើបាតុកម្មរបស់ប្រជាជនមីយ៉ានម៉ា ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា គឺបើនិយាយឱ្យសាមញ្ញ គឺចង់ចត់បាយ។ ប៉ុន្តែការធ្វើដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ា គឺជាកាតព្វកិច្ចដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន។ ដំណើរបំពេញបេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា របស់សម្តេចតេជោ ហ៊ុន សែន គឺទទួលបានភាពជោគជ័យមួយចំនួនគួរឱ្យកត់សម្គាល់ ប៉ុន្តែទោះជាយ៉ាងណានេះ ជាការបើកផ្លូវមួយដ៏សំខាន់ សម្រាប់យើងបោះជំហ៊ានទៅមុខបន្តទៀត។ ប៉ុណ្ណេះយើងសប្បាយក្នុងចិត្តថា យើងបានបំពេញកាតព្វកិច្ច របស់យើងជារដ្ឋទទួលខុសត្រូវខ្ពស់ ចំពោះអាស៊ាន ហើយជាសមាជិកមួយដែលយើងតែងតាំងខ្លួនថាជាសមាជិកដ៏សកម្មរបស់អាស៊ាន គឺពេលនេះវាបានសឱ្យឃើញយ៉ាងដូច្នេះឯង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី











