ភ្នំពេញ ៖ ផ្ទៃក្នុងគណបក្សឯកភាពជាតិខ្មែរ បានចាប់ផ្តើមរង្គោះរង្គើ ដោយសារតែការដណ្តើមគ្នាគ្រប់គ្រងបក្ស និងការមិនចុះសម្រុងនឹងគ្នារវាងថ្នាក់ដឹកនាំគណបក្ស រហូតនិងឈានដល់ការប្រកាសប្តឹងផ្តល់គ្នាទៅតុលាការថែមទៀតផង។ ជម្លោះនេះ បានកើតឡើងរវាងលោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្ស និងលោកអ៊ុន ជឹម អនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ។

នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នេះ លោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានថ្លែងថា នៅពេលដែលលោកអ៊ុន ជឹម មកពីសហរដ្ឋអាមេរិក មកធ្វើការនៅកម្ពុជា គឺមិនបានអនុវត្តតាមលក្ខន្តិកៈរបស់គណបក្សនោះទេ និងបានដឹកនាំការងារក្នុងបក្សបែបអាណាធិបតេយ្យ។ ហើយជាពិសេសបុគ្គលនេះ បានក្លែងសារសម្លេងសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង ចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវ៉ៃប្រហារមកលើលោកស្រី។ ដែលការក្លែងសារសម្លេងនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ និងកិត្តិយសរបស់លោកស្រី។
លោកស្រីបញ្ជាក់ថា “បុគ្គលនេះ (អ៊ុន ជឹម) ជាអតីតសមាជិកបក្សប្រឆាំង និងជាសមាជិកក្លឹបនៅអាមេរិក មានន័យថា ជាអ្នកបញ្ជូនសារ ឬក៏ស៊ើបការ ត្រង់នេះហើយដែលខ្ញុំបដិសេធចាប់ពីពេលធ្វើសន្និសីទមិនឲ្យ ជឹម អ៊ុន ដណ្តើមយកបក្សឯកភាពជាតិខ្មែរ ដោយបុគ្គលនេះ បង្កើតអប្បគមន៍នៅក្នុងបក្ស។ ហើយបុគ្គលនេះ បានផ្ញើសារមកគឺសុំឈប់សម្រាកពីការងារបក្សមួយរយៈ ប៉ុន្តែបុគ្គលនេះបានដើរធ្វើសកម្មភាពនៅគ្រប់ទៅកន្លែង នេះគឺជាការរំលោភបំពានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស”។

លោកស្រី ឡាក់ សុភាព បានអះអាងថា លោកស្រីនឹងដាក់ពាក្យបណ្តឹងប្តឹងលោកអ៊ុន ជឹម ទៅតុលាការនៅក្នុងពេលឆាប់ៗនេះ ពាក់ព័ន្ធករណីលោក អ៊ុន ជឹម ក្លែងសារសម្លេងសម្តេចតេជោ ហ៊ុន សែន និងសុំឲ្យតុលាការចាត់វិធានការលើបុគ្គលនេះតាមផ្លូវច្បាប់។ ពីព្រោះសារសម្លេងដែលលោកអ៊ុន ជឹម ចែកចាយទៅដល់សមាជិកនៅមូលដ្ឋាន គឺមិនមែនជាសម្លេងរបស់សម្តេចនោះទេ។
ជាមួយគ្នានេះ លោកស្រី ឡាក់ សុភាព បានអំពាវនាវទៅដល់សម្តេចយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឲ្យលោកស្រីផង។
ចំណែកលោកអ៊ុន ជឹម មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងការលើកឡើងរបស់លោកស្រី ឡាក់ សុភាព ប្រធានទីស្តីគណបក្សឯកភាពជាតិខ្មែរ។
សូមជម្រាបថា តំណាងស្ថាបនិកគណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ហើយត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ហើយត្រូវបានក្រសួងមហាផ្ទៃសម្រេចចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



