ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តី ជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែង ថ្មីអូមីក្រុងចំនួន ០១នាក់ ក្នុងសហគមន៍នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្នុងពេលថ្មីៗនេះ ក្រសួងបានរកឃើញករណ៍វិជ្ជមានកូវីដ-១៩បំប្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ ករណីនេះ គឺ ជាករណីឆ្លងក្នុងសហគមន៍។
ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសរូបនេះ បានទៅកំដរអ្នកជំងឺដែលជាបងប្អូន ជីដូនមួយនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនោះ បានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្ន បុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ ។
តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង ទៅលេងទីតាំងមួយចំនួននៅតានីទូកមាសខេត្តកំពតដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពី ប្រទេសអូស្ត្រាលីមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញ មានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុង។
ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” និងចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដល់វេន លោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមសហគមន៍របស់យើង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



