នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Paola Pampaloni នាយិការងនៃមន្ទីរការបរទេស សហភាពអឺរ៉ុប បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ ដែលត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្តង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជាសំខាន់ៗ និងតំណាងរបស់ភាគី EU ដែលមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់គណៈកម្មការអឺរ៉ុប និងពីស្ថានទូតនៃប្រទេសសមាជិក EU។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានកត់សម្គាល់អំពីវឌ្ឍនភាពដែលសម្រេចបានដោយអនុក្រុមទាំង៣៖ (១) កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (២) ពាណិជ្ជកម្ម និងការវិនិយោគ និង (៣) ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល ច្បាប់ និងយុតិ្តធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស។
កិច្ចប្រជុំបានផ្លាស់ប្តូរ
ទស្សនៈលើការវិវត្តផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុប និងកម្ពុជា ហើយបានរំលេចនូវក្តីបារម្ភរួមគ្នាចំពោះភាពតានតឹងដែលកើនឡើងបណ្តាលមកពីភាពស្មុគស្មាញនៃបរិបទសកល។ អនុសាសន៍ និងសកម្មភាពសំខាន់ៗត្រូវបានដាក់ចេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពរួមមាន ពាណិជ្ជកម្មនិងវិនិយោគ, ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណើនបៃតង ថាមពលបៃតង និងបច្ចេកវិទ្យាឌីជីថល។
ភាគីទាំងពីរក៏បានសម្តែងនូវការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុបទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ផងដែរ។ រក្សាសិទ្ធដោយ៖សុទ្ធលី





