នេះជារឿងថ្មីទៀតហើយ ទាក់ទងផ្លាកសញ្ញាចារាចរណ៍ហាមជិះ (សញ្ញាដក) ដែលអ្នកជិះម៉ូតូ ឡាន (ស្រែចូលក្រុង ឬ អ្នកជិះមិនស្គាល់ច្បាប់ ឬ អ្នកដឹងតែមើលមិនឃើញ) ត្រូវប៉ូលិសផាកអស់ ៤, ១០ ម៉ឺន ទុកជាបទពិសោធន៍។
ជាក់ស្តែង ថ្មីៗនេះ មានការរិះគន់ជាខ្លាំងតែម្តង ចំពោះផ្លាកសញ្ញាហាមជិះមួយកន្លែង នៅត្រង់ចំណុចកែងរបងវត្តឧណ្ណាលោម (ផ្លូវ១៥៤) ពោលគឺចន្លោះផ្លូវរវាងផ្សារកណ្តាល និងវត្តឧណ្ណាលោម ឆ្ពោះទៅផ្លូវមាត់ទន្លេ ដែលមានប៉ូលីសចាំឈរចាប់ស្ទើរតែរៀងរាល់ថ្ងៃ។
ជាការពិតណាស់ ពីមុនផ្លាកសញ្ញាហាម (ដក) ហាមជិះ ស្ថិតនៅត្រង់កែងរបងវត្តខាងលើ ត្រូវបានឃើញយ៉ាងច្បាស់ ប៉ុន្តែ ពេលនេះ គឺមើលពុំឃើញទៀតទេ ដោយសារអ្នកលក់ដូរ ជាពិសេសនៅចំណុចកែងរបងវត្ត ដាក់ឆ័ត្របាំងជិតតែម្តង ដែលជាហេតុធ្វើឲ្យអ្នកជិះបើទោះជាដឹងច្បាស់ពីផ្លាកហាមជិះ ដែលពុំធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវនោះ តែងត្រូវបានប៉ូលីសឈរចាំខាងមុខ ចាប់ផាកជារឿយៗ។
តាមរយៈវីដេអូ កំពុងត្រូវបានចែករំលែកយ៉ាងផុសផុល បុរសម្នាក់គាត់បានលើកឡើងថា ផ្លាកហាមជិះនេះ ត្រូវអ្នកលក់ដូរដាក់ឆ័ត្របាំងជិតឈឹងអស់ហើយ មើលពុំឃើញនោះទេ ហើយនៅពេលគាត់ ទៅសួរនាំប៉ូលីសដែលចាំផាក១០ម៉ឺន បានឆ្លើយថា ពួកគាត់មិនដោះស្រាយរឿងបាំង ឬមិនបាំងឡើយ សំខាន់ពួកគាត់ចាំផាកតែអ្នកជិះខុសប៉ុណ្ណោះ។ ហេតុនេះ គាត់ក៏សូមពរអាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យមើលផង ព្រោះថាធ្វើបែបហ្នឹង នោះប្រជាពលរដ្ឋដឹងតែរងគ្រោះរាល់ថ្ងៃហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




