ប្តីជនជាតិតៃវ៉ាន់ម្នាក់ បានបង្ហោះនៅលើ Facebook កាលពីថ្ងៃទី៣ ខែមករា ដោយនិយាយថា “កាលពី២ឆ្នាំមុន ប្រពន្ធរបស់ខ្ញុំបានសួរខ្ញុំថា តើបងមានកាដូរបស់អ្វីសម្រាប់ខួបកំណើតអូន ពីដំបូងខ្ញុំបានឆ្លើយថា “គ្មានអ្វីទេ” ប៉ុន្តែ ចុងក្រោយខ្ញុំបាននិយាយថា “ហេតុអ្វីអូនមិនព្យាយាមចង់សម្រកទម្ងន់ឱ្យបងម្តង ក្នុងមួយជីវិតនេះអុីចឹង?”។
យោងតាមសារព័តមានមួយរបស់ចិនបានឲ្យដឹងថា បុរសជាប្តីនោះបានសន្យាថានឹងកាដូដល់ប្រពន្ធ ចិញ្ចៀនពេជ្រទំហំ១ការ៉ាត ប្រសិនបើនាងស្រកទម្ងន់រហូតដល់ ៥៥ គីឡូក្រាម។ តែទោះយ៉ាងណា ២ឆ្នាំក្រោយមក ប្រពន្ធរបស់គាត់ស្រកបានដោយជោគជ័យរហូតដល់ទៅ ៧៥ គីឡូក្រាម ពី ១៣០ គីឡូក្រាម មកត្រឹមតែ ៥៥ គីឡូក្រាម។
ការបង្ហោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត ដោយមនុស្សជាច្រើនបាននិយាយថា ភរិយាបានធ្វើការងារដ៏អស្ចារ្យក្នុងការសម្រកទម្ងន់ ហើយពិតជាគួរអោយចាប់អារម្មណ៍ណាស់ក្នុងការស្រកទម្ងន់បានរហូតដល់ ៧៥ គីឡូក្រាម ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ អ្នកខ្លះថា ពេជ្រ ១ការ៉ាត់ ជាកម្លាំងចិត្តមួយយ៉ាងធំ «ខ្ញុំក៏ស្រកភ្លាមៗដែរ បើមានពេជ្រ ១ការ៉ាត់ បែបនេះ!»។
ថ្វីត្បិតតែការបង្ហោះនេះ ហាក់បីដូចជាផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្តក៏ពិតមែន ប៉ុន្តែសូមចងចាំក្នុងការសម្រកទម្ងន់តាមរបៀបដែលមានសុខភាពល្អ ដូចជាការធ្វើតាមរបបអាហារដែលមានជីវជាតិ និងលំហាត់ប្រាណជាដើម!៕ រក្សាសិទ្ធិដោយ៖ លឹមហុង


