តុលាការរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី១០ ខែមករា បានកាត់ទោស លោកស្រី អ៊ុង សានស៊ូជី ពីបទឧក្រិដ្ឋចំនួនបី ដោយកាត់ទោសលោកស្រីឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ នៅក្នុងសំណុំរឿងចុងក្រោយនេះ ប្រឆាំងនឹងមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ។
ម្ចាស់ជ័យលាភីណូបែលត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលរដ្ឋាភិបាលរបស់លោកស្រីត្រូវបានបង្ខំឱ្យចុះចេញនៅក្នុងរដ្ឋប្រហារនៅព្រឹកព្រលឹម ដោយបញ្ចប់ការពិសោធន៍រយៈពេលខ្លីរបស់ប្រទេសមីយ៉ាន់ម៉ាជាមួយនឹងលទ្ធិប្រជាធិបតេយ្យ។
យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា ការដណ្តើមអំណាចរបស់ឧត្តមសេនីយ បានបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងទូលំទូលាយ ដែលកងកម្លាំងសន្តិសុខបានបង្ក្រាប និងឃុំខ្លួនជនស៊ីវីលជាទ្រង់ទ្រាយធំ និងបានសម្លាប់ជនស៊ីវិលជាង ១.៤០០ នាក់។
ប្រភពដែលដឹងរឿងអំពីករណីនេះបានប្រាប់ AFP ថា ស្រីអាយុ 76 ឆ្នាំរូបនេះត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់ចំនួន ២ ទាក់ទងនឹងការនាំចូល និងកាប់កាន់វិទ្យុទាក់ទង និងមួយនៃការបំពានច្បាប់នៃវីរុសកូវីដ១៩។
ការកាត់ទោសកាលពីថ្ងៃចន្ទ បន្ថែមលើការពិន័យ ដែលតុលាការបានកាត់កាលពីខែធ្នូ នៅពេលដែលលោកស្រីត្រូវបានជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំពីបទញុះញង់ និងបំពានច្បាប់ COVID-19 ពេលកំពុងធ្វើយុទ្ធនាការ។ ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing បានកាត់បន្ថយការកាត់ទោសនេះឱ្យនៅត្រឹមពីរឆ្នាំ ហើយបាននិយាយថា លោកស្រីអាចជាប់ពន្ធនាគារក្រោមការឃុំខ្លួនក្នុងផ្ទះក្នុងរដ្ឋធានី ណៃពិដោរ។
អ្នកសារព័ត៌មានត្រូវបានរារាំងមិនឱ្យចូលរួមសវនាការ ហើយមេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបិទមិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ ចាប់តាំងពីរដ្ឋប្រហារមក សម្ព័ន្ធមិត្តនយោបាយជាច្រើនរបស់លោកស្រី ត្រូវបានចាប់ខ្លួន ដោយនាយករដ្ឋមន្ត្រីម្នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក ៧៥ ឆ្នាំ ខណៈដែលអ្នកផ្សេងទៀតកំពុងលាក់ខ្លួន៕ ប្រភព៖ AFP